• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន២១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ រួមមានឃុំប្រម៉ោយ ឃុំក្រពើពីរ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។នាឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំ

ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយណាមួយឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ទន្ទឹមនឹងនេះ ឯកឧត្តម បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកទាំងពីរតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹង នោះទេ ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានចាត់ឱ្យក្រុមការងារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយ សម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនាពេលនេះ ហើយបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែកដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់កុំបាក់ទឹកចិត្តខិតខំកសាងជីវភាពគ្រួសារឡើងវិញ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ និងគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ គ្រោះទឹកជំនន់ ដែលបណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិ ផលដំណាំ និងប៉ះពាល់ដល់អាយុជីវិតជាយថាហេតុ។

បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានមានប្រសាសន៍បន្ថែមសូមឱ្យបងប្អូនប្រជាពលដ្ឋ មានស្មារតី ចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​នៅកម្ពុជា​ តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់​របស់ក្រសួងសុខាភិបាល​ ជាពិសេសការរក្សាអនាម័យ​ដៃស្អាត​​ ពាក់ម៉ាស​ (ក្នុងករណីចាំបាច់)​ ប្រេីកន្សែងឬក្រមា​ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក​ ឬកណ្តាស់ រក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) តង់ចំនួន១ និងថវិកា១០០,០០០រៀល។ ដោយឡែកគ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុងចំនួន៥គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) តង់ចំនួន១ និងថវិកា២០០,០០០រៀលផងដែរ៕