
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅសង្កាត់វាលស្បូវ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ
សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១នេះ នៅក្នុងបរិវេណវត្តពុទ្ធស្ថាន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅសង្កាត់វាលស្បូវ ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ លោកប្រធានកិត្តិយសអនុសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ជាប់ជាប្រចាំនៅពេលចេញទៅខាងក្រៅ ឬកន្លែងមានការប្រមូលផ្តុំ, ឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ជែល ទឹកអាល់កុល, កាត់បន្ថយការជួបជុំ, រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលជាដើម ។ ល។ ដើម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី៤កញ្ចប់ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ត្រីខ២កំប៉ុង ស្ករស១កញ្ចប់ ទឹកក្រូច៣កំប៉ុង ទឹកសុទ្ធ២ដប និងថវិកាចំនួន២ម៉ឺនរៀល ៕