• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ២០១គ្រួសារនៅឃុំ២នៃស្រុកភ្នំឱរ៉ាល់បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលនោះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង អ្នកផ្ទុកមេរោគអេដស៍​ កុមារកំព្រា​ ជនមានពិការភាព​ ស្ត្រីមេម៉ាយមានកូនច្រើន​ និងជនទីទ័លក្រ​ សរុបចំនួន​ ២០១គ្រួសារ រស់នៅក្នុងស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

ពិធីនេះ​ប្រព្រឹត្តទៅក្រោមវត្តមានរបស់​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​​​ ដែលធ្វេីឡេីង​នៅទីតាំងចំនួន​ ៤កន្លែង​ គឺ​ ៖ ទីតាំងទី១​ សម្រាប់ប្រជាពលរដ្ឋ​ ៦៧គ្រួសារ​ រស់នៅភូមិចំនួន​៣ នៃឃុំហោងសំណំ, ទីតាំងទី២​ សម្រាប់ប្រជាពលរដ្ឋ​ ៤៤គ្រួសារ​ រស់នៅភូមិចំនួន៦ ​នៃឃុំហោងសំណំ, ទីតាំងទី៣​ សម្រាប់ប្រជាពលរដ្ឋ​ ៤៣គ្រួសារ​ រស់នៅភូមិចំនួន​៤ នៃឃុំសង្កែសាទប,​ និងទីតាំងទី៤​ សម្រាប់ប្រជាពលរដ្ឋ​ ៤៧គ្រួសារ​ រស់នៅភូមិចំនួន​៥ នៃឃុំសង្កែសាទប។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ​ អគ្គលេខាធិការរងទី​១​​​​​ បាន​ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងតែងតែ​មានមនោសញ្ចេតនានឹករលឹក​ អាណិតស្រឡាញ់​ ការគិតគូរពីសុខទុក្ខ​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ ជាពិសេសបញ្ហា​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវ​ បានគូសបញ្ជាក់ថា​ «​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង​ ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា​ ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ​ ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា​ អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ​ និងជាបន្តបន្ទាប់។

ថ្លែងក្នុងឱកាសនោះដែរ​ លោកជំទាវ​ បានពាំនាំនូវសារអំពាវនាវពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។

បងប្អូនប្រជាពលរដ្ឋទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ដែលតែងតែគិតគូរ​ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ និងសូមជូនពរសម្តេចទាំងទ្វេ​ មានសុខភាពល្អ​ ជន្មាយុយឺនយូរ​ ដេីម្បីផ្តល់ភាពកក់ក្តៅ​ និងដឹកនាំប្រទេសជាតិ​ឱ្យមានសុខសន្តិភាព​ និងការអភិវឌ្ឍ​ជានិច្ចនិរន្តរ៍​។

សូមបញ្ជាក់ថា​ អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​ បានទទួលពីសប្បុរសជនក្នុងឱកាសទិវា​ ៨​ ឧសភា ត្រូវបានផ្តល់​ជូនដល់​គ្រួសារ​នីមួយៗនូវ ៖ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​,​ និងឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត​ និងថវិកា​ ២ម៉ឺនរៀល៕