• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ចំនួន២៥០គ្រួសារ នៅថ្ងៃ​សៅរ៍ ទី​ ១២​ ខែកញ្ញា​​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយ​ថ្នាក់ដឹកនាំ​-មន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​ ចាស់ឥតទីពឹង​ ស្ត្រីមេម៉ាយ​ និងជនមានពិការភាព​ ចំនួន​ ២៥០គ្រួសារ​ (ក្នុងនោះខ្មែរ-ឥស្លាម​ ចំនួន​ ២៥គ្រួសារ)​ ដែលពួកគាត់រស់នៅ​ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។

ពិធីផ្ដល់អំណោយនេះ បានប្រព្រឹត្តទៅនៅ​ទីតាំងចំនួន២គឺ​ ៖​ ទីតាំងទី១​ ស្ថិតនៅក្នុងបរិវេណសាលាឃុំពពេល​ សម្រាប់ប្រជាពលរដ្ឋ​ ១៦១គ្រួសារ​ រស់នៅភូមិចំនួន​១០​ នៃឃុំពពេល​។ ទីតាំងទី២​ ស្ថិតនៅក្នុងបរិវេណ​សាលាបឋមសិក្សានិងអនុវិទ្យាល័យវាលម្លូរ​ សម្រាប់ប្រជាពលរដ្ឋ​ ៧៧គ្រួសារ​ រស់នៅភូមិចំនួន​៦ នៃឃុំវាលម្លូរ។ ជាមួយគ្នានេះ​ គណៈប្រតិភូ​ បានចុះសួរសុខទុក្ខ​ដល់លំនៅឋានផ្ទាល់ និងផ្តល់អំណោយដល់​ ចាស់ឥតទីពឹង​ និងជនមានពិការភាព​ចំនួន​ ១២គ្រួសារ​ទៀត​ ដែលមិនអាចមក​ទទួលអំណោយក្នុងពិធីខាងលេីនេះបាន។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ​ អគ្គលេខាធិការ​រងទី១​​​ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា បើទោះបីជា​ សម្តេច​ មិនបានអញ្ជេីញមកដោយផ្ទាល់​ក៏សម្តេចតែងតែ​មានមនោសញ្ចេតនានឹករលឹក​ អាណិតស្រឡាញ់​ ការគិតគូរពីសុខទុក្ខ​ពីជីវភាពរស់នៅប្រចាំថ្ងៃ​ និងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។

ទន្ទឹមនឹងនេះដែរ លោកជំទាវ​ បានពាំនាំអនុសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាព​ឱ្យបានល្អ និងត្រូវរស់នៅមានអនាម័យ​ដើម្បីជៀសផុតពីជំងឺផ្សេងៗ​ ជាពិសេសបន្តអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល​ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩​ មិនឱ្យកើតមានក្នុងសហគមន៍។ លោកជំទាវ​ បានគូសបញ្ជាក់ថា​ «ប្រទេសកម្ពុជា​យេីង​ទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ​មិនឱ្យមានឆ្លងនៅក្នុងសហគមន៍​ ជាពិសេស​មិនមានអ្នកស្លាប់​ហេីយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​ ២៧៤នាក់នោះសុទ្ធតែជាអ្នកចំណូលស្រុក​ ហើយមកដល់ពេលនេះ ពួកគេទាំងអស់គ្នានោះបានទទួលការព្យាបាលជាសះស្បេីយ១០០%ហើយ។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ តែងតែក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយើង​ ឱ្យមានស្មារតីប្រុងប្រយ័ត្ន​ជានិច្ចចំពោះជំងឺនេះ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។»

ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ នៅតែបង្កឱ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ​ ដូចនេះសូមប្រជាពលរដ្ឋ​យកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរាល់ពេលធ្វើដំណើរ​ ត្រូវលើក​កម្ពស់ការគោរពច្បាប់ចរាចរណ៍​ ដើម្បីសេចក្តី​សុខក្សេមក្សាន្ត​នៅក្នុងគ្រួសារ។

ម្យ៉ាងវិញទៀត​ ក្នុងនាម​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាឥស្សរជនឆ្នើមថ្នាក់ជាតិរបស់អង្គការសហ​ប្រជា​ជាតិ​ សម្តេច​ តែងតែអំពាវនាវនិងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ​ទាំងអស់​ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ ចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្រាន់​ និងទៅសម្រាល​កូននៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យ​ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់​ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន​ ​លើកកម្ពស់គោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព​ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួម​ពង្រឹងសាមគ្គីភាពជាតិ​ និងរក្សាសុខសន្តិភាពនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​យើង។

សូមបញ្ជាក់ផងដែរថា​ គ្រួសារដែលងាយរងគ្រោះបំផុតចំនួន ២៥០គ្រួសារនោះ ក្នុងគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ និងសាប៊ូ ២ដុំ​៕