• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែ មីនា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន២២៦គ្រួសារ រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលពិធីនេះរៀបចំធ្វើឡើងក្នុងបរិវេណសាលាស្រុកត្រពាំងប្រាសាទ។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ស្របតាមពាក្យស្លោក ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានោះឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានមាន ប្រសាសន៍បន្ថែមថា ដោយសារបច្ចុប្បន្ននេះអាកាសធាតុមាន បម្រែបម្រួលខ្លាំង និងបានជូនសារសំខាន់មួយចំនួនដូចខាងក្រោម៖
-សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងការហូបស្អាត ផឹកស្អាត ការរស់នៅស្អាត និងត្រូវមានអនាម័យជានិច្ច ដើម្បីការពារកុំឱ្យឆ្លងមេរោគផ្សេងៗ
-ត្រូវប្រើប្រាស់ទឹកដោយសន្សំចំចៃ និងថែរក្សា ទុកទឹកប្រើប្រាស់ឱ្យបានល្អ ប្រសិនបើគ្មានទឹក ក៏គ្មានសុខភាពដែរ
-សូមស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាព និងទទួល ការសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ និងត្រូវបំបៅកូនដោយទឹកដោះ
-ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្គ្រាម មិនត្រូវយកទៅដំយករំសេវ ឬយកទៅកែច្នៃធ្វើអ្វីផ្សេងៗ ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ពិការឬបាត់បង់អាយុជីវិត
-សូមឪពុកម្តាយគ្រប់រូបមើលថែរក្សាកូនៗឱ្យបានល្អ និងបញ្ជូនពួកគេទៅសាលារៀន ដើម្បីទទួលបានចំណេះដឹងសម្រាប់យកមកអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួននាពេលខាងមុខ
-សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើអំពើហិង្សាបែមកប្រើនូវវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជំនួសវិញ
-សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ព្រោះមានសន្តិភាព ទើបមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។

អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួល បាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត១)៕