• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅខេត្តកំពង់ចាម និងកំពង់ធំបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ​ ទី​ ២៣​ ខែសីហា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយផ្តល់ជូនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូត​ពិការអស់មួយជីវិត​ចំនួន​ ២នាក់​ រស់នៅខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ។ អ្នករងគ្រោះខាងលេីនេះរួមមាន​ ៖

១/ លោក​ មាង​ សុភ័ក្រ្ត​ អាយុ​ ៣២ឆ្នាំ​ ពិការដាច់ជេីងខាងស្តាំ​ និងបាត់បង់អវយវៈក្រោម​ ដោយបន្ទោបង់តាមបំពង់ទុយោ​ មានប្រពន្ធ​ និងកូន​ប្រុស-ស្រី ៣នាក់​ នៅក្នុងបន្ទុក​ រស់នៅភូមិថ្មពូនកណ្តាល​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

២/ លោក​ ជា​ ឆាំ​ អាយុ​ ៤៥ឆ្នាំ​ ពិការដាច់ជេីងទាំងសងខាង​ មានកូនប្រុស-ស្រី​ ៣នាក់​ នៅក្នុងបន្ទុក​។ ចំណែកឯភរិយាបានបាត់បង់ជីវិតភ្លាមៗក្នុងពេលជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នា​នោះ​ ហេីយថ្ងៃនេះក៏ត្រូវជាថ្ងៃធ្វេីបុណ្យគម្រប់​ ១០០ថ្ងៃផងដែរ។ មានទីលំនៅនៅភូមិច្រនាង​ ឃុំច្រនាង​ ស្រុកតាំងគោក​ ខេត្តកំពង់ធំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្តីអាណិតអាសូរ​ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើ​ និងលេីកទឹកចិត្តដល់ជនរងគ្រោះទាំងអស់​ សូមថែទាំសុខភាព​ឱ្យបានល្អ​ រក្សាអនាម័យក្នុងការរស់នៅ​ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង​ ត្រូវខិតខំតស៊ូ​​ទោះជាពិការកាយតែមិនពិការចិត្ត ដេីម្បីជីវិតរស់នៅបន្តទៅមុខ​ទៀត​ និងដេីម្បីសុភមង្គលក្នុងគ្រួសារ​។ ទន្ទឹមនឹងនេះ​ សូម​កូនៗ​ទាំងអស់ជួយមេីលថែទាំឪពុកឱ្យបានល្អ​ ធ្វេីជាកូនកតញ្ញូ ហេីយត្រូវខិតខំសិក្សារៀនសូត្រដេីម្បីអនាគតភ្លឺស្វាង។ លោកជំទាវ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩​ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីសេចក្តីសុខ​ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សូមបញ្ជាក់ថា​ គ្រួសារអ្នករងគ្រោះនីមួយៗទទួលបាន​ ៖​ អង្ករ​ ១០០គីឡូក្រាម​ មី៤កេស​ ត្រីខ​ ៤០កំប៉ុង​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត​ និងថវិកា​ ១០លានរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ និងខេត្តកំពង់ធំ​ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកាមួយចំនួនដែរ។

ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ដល់ចាស់ឥតទីពឹងចំនួន​ ៥គ្រួសារ​ ដែលរស់នៅ​ភូមិថ្មពូនកណ្តាល​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ទៀតផង៕