
ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបន្ទាយមាសទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត
រសៀលថ្ងៃសៅរ៍ ទី៣០ ខែ មេសា ឆ្នាំ២០២២ នេះលោកជំទាវវេជ្ជ.យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងរួមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤១គ្រួសារ រស់នៅក្នុងស្រុកបន្ទាយមាស ( ក្នុងនោះរងគ្រោះមធ្យមចំនួន៣៨គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារ ) ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តជ្រុងស្រឡៅ ស្ថិតនៅក្នុងភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ អំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀល។ សូមបញ្ជាក់ថា ក្នុងឱកាសនោះលោកជំទាវ ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន អង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ១កេស និងថវិកា១០ម៉ឺនរៀលផងដែរ៕