• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបងទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់រងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន៤១គ្រួសារ រស់នៅក្នុងស្រុកគោលដៅចំនួន៣ រួមមានស្រុកថ្មគោលចំនួន៧គ្រួសារ ស្រុកកំរៀង ចំនួន១៨គ្រួសារ និងស្រុកសំពៅលូនចំនួន១៦គ្រួសារ។នាឱកាសនោះ ឯកឧត្តម យូ ឡាណា

អគ្គលេខាធិការរងទី២ បាន ពាំនាំប្រសាសន៍ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងសូមចូលរួមសោកស្តាយដល់បងប្អូនត្រូវបាន រងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ រលំផ្ទះទាំងស្រុង ខូចខាតទ្រព្យសម្បត្តិ ផលដំណាំអស់ជាច្រើន ដែលនឹកស្មានមិនដល់បែបនេះ។

ជាមួយគ្នានោះ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មាន​ពីការបម្រែបម្រួលអាកាសធាតុពីក្រសួងធនធានទឹកនិងឧត្តុនិយម និងត្រូវត្រៀមបង្ការចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដ-១៩ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវមានអនាម័យល្អ លាងដៃឱ្យបានស្អាតជាប្រចាំ ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រេីកន្សែងឬក្រមា ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រក្សាគម្លាតសុវត្ថិភាព សង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

ជាចុងក្រោយ ឯកឧត្តម បានកោតសរសើរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ជាពិសេស បានឆ្លើយតបចំពោះគ្រោះមហន្តរាយ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ គ្រោះរាំងស្ងួត បានទាន់ពេលវេលា គ្រប់ទីកន្លែង ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) និងថវិកា៥០,០០០រៀល។ ដោយឡែកគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ទទួលបានបន្ថែមនូវតង់ចំនួន១ និងថវិកា១០០,០០០រៀលផងដែរ៕