ប្រជាជនចាស់ជរា និងជនពិកា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧នេះ នៅវត្តនន្ទមុនី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខារាជធានីភ្នំពេញ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ រស់នៅក្នុងខណ្ឌមានជ័យ ។
មានប្រសាសន៍ទៅកាន់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម ប៉ា សុជាតិវង្ស បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព ហើយសូមបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចឡើងជាយថាហេតុ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកក្រូច៥កំប៉ុង ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប ត្រីខ៥កំប៉ុង អំបិល១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕