• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅស្រុកកោះញែក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអង្គារ ១៥កើត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ កាកបាទ​ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៨០គ្រួសារ ក្រោមវត្តមានឯកឧត្តម ណយ ស្រូន អនុប្រធានកិត្តិយសសាខា រួមជាមួយនឹងលោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនកោះញែកខេត្តមណ្ឌលគិរី។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ឯកឧត្តមស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ លោកជំទាវអនុប្រធាន ក៏បានអំពាវនាវបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ លើសពីនេះទៀត សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយ ដែលធ្វើឱ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដូចតទៅ៖

១.លាងដៃនឹងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល ឲ្យបានញឹកញាប់

២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត

៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់

៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ

៥.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ

៦.សម្អាតនិងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។

ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីសប្បាយរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលមានចិត្តអាណិត សន្ដោសប្រណី និងជួយចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋមានទុក្ខលំបាក និងត្រូវការជំនួយជាចាំបាច់ ហើយសូមជូនពរសម្ដេចប្រធាននិងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកលខាងមុខនេះ សូមប្រកបបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលជោគជ័យគ្រប់ភារកិច្ច និងសូមបានទទួលតែនឹងពុទ្ធពរទាំង ៤ប្រការកុំ បីឃ្លៀងឃ្លាតឡើយ។

ក្រៅពីសំណេះសំណាលសួរសុខទុក្ខ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានផ្ដល់ជូននូវសម្ភារៈមួយចំនួនដូចជា ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ផ្ទាំងផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ចំនួន ១ផ្ទាំងតូច អាវយឺតចំនួន២។

សូមបញ្ជាក់ជូនថា ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នឹងសហការជាមួយអនុសាខាស្រុកកោះញែក ដើម្បីបន្តបេសកកម្មមនុស្សធម៌នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕