
ប្រជាជនងាយរងគ្រោះចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ដោយមើលឃើញទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា១០គ្រួសារ ជនពិការ១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន៣០គ្រួសារ នៅសង្កាត់ច្បារអំពៅទី១ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ម៉ាស២០ អាល់កុល១ដប និងថវិកាចំនួន២ម៉ឺនរៀល ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានលើកឡើងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។