• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ

ដើម្បីចូលរួមអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២០ នេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃព្រហស្បតិ៍​ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនចំនួន ៨៧នាក់ និងអ្នកជំងឺទូទៅ ១៩នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ ខេត្តព្រៃវែង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។ នាឱកាសនោះ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានអាននូវសារលិខិត របស់សម្តេចប្រធានជូនដល់បងប្អូនទាំងអស់ដូចតទៅ ៖
១-សូមឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឱ្យបានទៀងទាត់ យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវា បង្ការព្យាបាល ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាម ដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយដើម្បីរួមគ្នាលុបបំបាត់ការជម្លងពីម្ដាយទៅកូន។
២- សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។
៣- សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ ឆ្នាំ។
៤- សូមបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ(បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។
៥- សូមប្រញាប់យកកុមារ ឬទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិនិត្យយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានបន្ថែមថា ការធ្វើឱ្យមានការប្រែប្រួល រីកចម្រើនស្ថានភាពសុខភាព ស្ត្រី និងកុមារ គឺមិនមែនមានតែតួអង្គណាម្នាក់អាចធ្វើតែ ម្នាក់ឯងបានទេ ដែលការងារនេះ តម្រូវឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ និងធនធានគ្រប់ផ្នែក ជាពិសេស ការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់បុគ្គលជាស្ត្រីគ្រប់រូប ដែលត្រូវថែទាំខ្លួនឯង និងទទួលអាហារូបត្ថម្ភត្រឹមត្រូវ ប្តេជ្ញារួមគ្នាកាត់បន្ថយអត្រាមរណៈរបស់ស្ត្រីនិងទារក នៅពេលសម្រាល។

សម្ភារៈដែលបានផ្តល់ជូនរួមមាន ៖ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) អាវយឺត ៣ និងថវិកាចំនួន ៥០,០០០រៀល។