• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្រោមវត្តមាន លោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា លោក លោកស្រី ប្រធានកិត្តិយសអនុសាខាក្រុង ស្រុក ប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សរុបប្រមាណ២៥០នាក់។

លោកជំទាវបានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តកំពត។

ក្នុងឱកាសទិវាជាតិនេះ លោកជំទាវ បានលើកឡើងអនុសាសន៍ទាំង៥ ចំណុចសំខាន់ៗ ដែលជាបណ្តាំផ្ញេិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបង – ប្អូនរួមជាតិជាពិសេសស្រ្តីមានផ្ទៃពោះ និងស្ត្រីជាមាតាក្នុងការថែទាំសុខភាពស្ត្រី និងកូនរយៈពេល១,០០០ថ្ងៃដូចតទៅ ៖

១ – សូមស្រ្តីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឱ្យបានទៀងទាត់យ៉ាងតិច៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេតោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីម្តាយទៅកូន។
២ – សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣ – សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
៤ – សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ ( បបរខាប់គ្រប់គ្រឿង ) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥ – សូមប្រញ៉ាប់យកកុមារឬទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

អំណោយផ្តល់ជូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងអ្នកជំងឺ រួមមាន ៖
– ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម៥ឆ្នាំ ចំនួន១២៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ អាវយឺត១កញ្ចប់ ទឹកដោះគោខាប់៤កំប៉ុង ស្ករស ១គីឡូក្រាម ទឹកសុទ្ធ១ដបធំ និងថវិកាមួយចំនួន។
– អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៥នាក់ម្នាក់ទទួលបាន ទឹកដោគោខាប់៤កំប៉ុង ស្ករស១គីឡូក្រាម និងថវិកាមួយចំនួន។
– ស្រ្តីសម្រាលកូនចំនួន៦នាក់ម្មាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង ស្ករស១គីឡូករាម ឃីតទារក១ឈុត និងថវិកាមួយចំនួនផងដែរ៕