• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅស្រុកលើកដែក

កក្រក ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០​ នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល  កាកបាទក្រហមកម្ពុជា បានរៀបចំទិវាជាតិសុខភាពមាតា​ ទារក និងកុមារ​ ២១​ កុម្ភៈ​ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ក្រោមវត្តមាន ឯកឧត្ដម អ៊ុក​ ដាមរី​ សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក លោកស្រីមន្ត្រីទីស្នាក់ការកណ្ដាល អជ្ញាធរមូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជានិស្សិតនៃសាកលវិទ្យាល័យសុខាភិបាល និងស្ត្រីមានផ្ទៃពោះ សរុបប្រមាណ១២០នាក់។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១​ កក្រក បានអានសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើរជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្រ្តីមានផ្ទៃពោះ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដោយសូមឱ្យ ស្រ្តីមានផ្ទៃពោះ ទាំងអស់ ប្រតិបត្តិតាម រួមមាន៖
១- សូមឱ្យស្រ្តីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេ ទ្យឆ្មប ជំនាញនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ទទួលយក សេវាបង្ការ ព្យាបាលទាំងអស់ឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។
២- សូមទៅសម្រាលកូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឆ្មបជំនាញទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣- សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
៤- សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។
៥- សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមន្ទីរពេទ្យ។

ឆ្លៀតឱកាសនាំដែរ ឯកឧត្តម​ អ៊ុក​ ដាមរី​ ​ ក៏បានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ និងផ្ញើសារអប់រំសុខភាពជូនស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង​ កូនៗ​ និងទារកក្នុងផ្ទៃអោយមានសុខភាពមាំមួន​ ចៀសវាងឆ្លងជំងឺនានា។

ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានផ្ដល់សេវាអប់រំ ណែនាំ ផ្សព្វផ្សាយសារសុខភាព ពិនិត្យផ្ទៃពោះដោយប្រើម៉ាស៊ីនអេកូរទំនើប ផ្ដល់ថ្នាំជាតិដែក ថ្នាំបំបាត់ការឈឺចាប់ ថ្នាំទម្លាក់ប៉ារ៉ាស៊ីត និងថ្នាំវីតាមីនគ្រប់មុខដោយឥតគិតថ្លៃ និងឃីតម្នាក់ ១ (សារុង​ ១​ ក្រមា​ ១​ មុង១​ ភួយ១​ អាវយឺត២​ និងកន្សែងពោះគោ​ ២)​ និងថវិកា​មួយចំនួនជូនស្រ្តីមានផ្ទៃពោះចំនួន ៦២នាក់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ៕