
ជែលលាងដៃចំនួន៩០៩កេសបានប្រគល់ជូនមន្ទីរពេទ្យបង្អែកចំនួន៦នៅក្នុងខេត្តស្វាយរៀង និងសាខាកាកបាទក្រហមកម្ពុជា
ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តប្រគល់ជែលលាងដៃចំនួន៩០៩កេស(ស្មើនឹង ១៤.៥៤៤ដប) ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៦ នៅក្នុងខេត្តស្វាយរៀង និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយអនុសាខា ក្រុង-ស្រុកទាំង៨ ដែលពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដែលជាប្រតិបត្តិករមនុស្សធម៌ជួរមុខ បានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមព្រំដែនផង និងនៅតាមសហគមន៍ផង។ ទន្ទឹមនឹងនេះ បុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តស្វាយរៀង ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា ៖ «យុទ្ធសាស្ត្រគន្លឹះ និងចក្ខុវិស័យដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមជាមួយការលើកកម្ពស់ការយល់ដឹងពីវិធានការទប់ស្កាត់ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប្រទេសកម្ពុជាយើង ឈានដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយសង្ឃឹមជឿជាក់ថាខ្លឹមសារនៃ យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីធានានូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ»។
សូមបញ្ជាក់ថា ជែលលាងដៃជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក បានប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ហើយដែលនឹងប្រគល់ជំហានទី២ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ។ ដោយឡែក ខេត្តស្វាយរៀង ជាខេត្តទី៩ ដែលបានទទួលជែលលាងដៃទាំងអស់នេះ ពីកាកបាទក្រហមកម្ពុជា៕