
ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
នៅរសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកយាយ រស់ សុផាត អាយុ ៨៦ឆ្នាំ ចាស់ជរាគ្មានទីពឹង ហើយមានជីវភាពខ្វះ ខាតរស់នៅជាមួយកូនប្រុស មានជំងឺប្រចាំកាយ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរឯកឧត្តម នាយកប្រតិបត្តិសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ ព្រមទាំងបានផ្តាំផ្ញើសូមអោយលោក យាយ ថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។
សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ នឹងថវិកាមួយចំនួនផងដែរ។