• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិបេង ស្រុកមេមត់ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោក រស់ សុខន នាយករងសាខា តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់លោក វ៉ែន ស្រេង ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។នាឱកាសនោះ លោកនាយករង បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ទន្ទឹមនឹងគ្នានោះ លោកនាយករង បានសម្ដែងនូវការសោកស្ដាយនិងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិត្រឡប់មកពីក្រៅប្រទេសត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ ក្នុងករណីមិនមានកន្លែងសម្រាប់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃទេ សូមរាយការណ៍ជូនអាជ្ញាធរ ស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញរង់ចាំពិនិត្យតាមដានសុខភាពជាប្រចាំ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានអនាម័យជាប្រចាំ ដោយលាងសម្អាតដៃឲឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្គរ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១លីត្រ ក្រណាត់តង់ ១សម្រាប់ និងថវិការបស់សាខារួមជាមួយអនុសាខា ព្រមទាំងសប្បុរសជនក្នុងភូមិមួយចំនួនផងដែរ៕