• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកស្វាយទាប ទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី និងនិមន្តចូលរួមពីព្រះគ្រូចៅអធិការទាំង ៧ វត្ត ក្នុងស្រុកស្វាយទាប បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២៣ ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៤ ខ្នង មធ្យមចំនួន ៨ ខ្នង ស្រាលចំនួន ១១ ខ្នង ក្នុងស្រុកស្វាយទាប នៅឃុំប្រសូត្រ និងឃុំកណ្តៀងរាយ ។

សូមបញ្ជាក់ថាក្នុងហេតុការខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ធ្វើឲ្យប៉ះពាល់ក្រុងស្រុកចំនួន ៤ គឺ ស្រុកស្វាយទាប ២៣ ខ្នង ស្រុករមាសហែក ១៥ ខ្នង ស្រុកកំពង់រោទិ៍ ៥ ខ្នង និងក្រុងបាវិត ១ ខ្នង សរុប ៤៤ ខ្នង ដែលក្រុមការងារសាខា អនុសាខា បានដោះស្រាយរួចហើយ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ។

អំណោយដែលបានចែកជូនទាំង ២៣ សម្រាប់គ្រួសារខូចខាត ទាំងស្រុង ៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ ៣០ គក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសារខូចខាត មធ្យម ៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ សម្រាប់គ្រួសារខូចខាតស្រាល ១១ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ ថវិកា ៦០,០០០ រៀល ដើម្បីទិញ សម្ភារជួសជុលផ្ទះឡើងវិញ ។ក្នុងពិធីនេះដែលព្រះគ្រូចៅអធិការវត្តទាំង ៧ បានចូលរូមចំណែកជាមួយសាខា ឧបត្ថម្ភបន្ថែមនូវ បច្ច័យ ទេយ្យទាន គិតជាថវិកាសរុបចំនួន ៧៧០,០០០ រៀល ។