• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅខណ្ឌប្ញស្សីកែវទទួលអំណោយមនុស្សធម៌

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្តែងការសោកស្តាយ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនដល់បងប្អូនពលរដ្ឋខ្មែរ-ឥស្លាមចំនួន ៣៨គ្រួសារ (ស្មើនឹង ២១ខ្នងផ្ទះ) ដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃសុក្រ ទី ៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ថ្លែងទៅកាន់ពលរដ្ឋទាំងអស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើង។ លោកជំទាវ បានគូសបញ្ជាក់ថា «បើទោះបីជាកំពុងស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនៃពិធីបុណ្យសពឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ក៏ដោយ ក៏បន្ទាប់ពីទទួលបានព័ត៌មានស្តីពីគ្រោះអគ្គិភ័យកាលពីយប់ម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំឱ្យក្រុមការងារនាំយកអំណោយមកផ្តល់ជូនគ្រួសាររងគ្រោះទាំងអស់ឱ្យបានភ្លាមៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលា និងជាសក្ខីភាពក្នុងការចូលរួមចំណែកសុខនិងទុក្ខជាមួយបងប្អូនទាំងអស់ផងដែរ»។ លោកជំទាវ បានបញ្ជាក់ផងដែរថា «អំណោយដែលកាកបាទក្រហមកម្ពុជា បាននាំយកមកជូននាពេលនេះ គឺបានមកពីការបរិច្ចាគដោយទឹកចិត្តជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលក្នុងនោះក៏មានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់»។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ រងទី១ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការអុជធូប អុជទៀន ការប្រើប្រាស់ចង្ក្រានហ្គាស ឬចង្ក្រានអគ្គិសនី ដែលអាចបង្កឡើងជាឧបទ្ទវហេតុដែលនឹកស្មានមិនដល់។ ទន្ទឹមនឹងនេះ ក៏សូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពមនុស្សចាស់ដែលងាយនឹងរងគ្រោះថ្នាក់ដោយការស្ទះសរសៃឈាមបេះដូង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាយើងមានលក្ខណៈធូរស្រាយក៏ដោយ ក៏សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺនេះ ដោយចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចទប់ស្កាត់ការរីករាលដាល និងការពារអាយុជីវិតរបស់យើងបាន ជាពិសេសអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានគូសបញ្ជាក់ពី គុណតម្លៃនៃសុខសន្តិភាពដែលបានផ្តល់ឱកាសឱ្យយើងអាចរួមកម្លាំងសាមគ្គីគ្នា បង្កើនស្មារតីជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាកដូចជាពេលនេះជាដើម ជាពិសេសអាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងពិធីសាសនា ឬការជួបជុំនានាដោយមិនមានការព្រួយបារម្ភអ្វីឡើយ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ២៥គ្រួសារ, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, តង់ ១ និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែក កាលពីព្រឹកម៉ិញនេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ក៏បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕