• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅវត្តស្វាយដង្គំ ស្រុកពួក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៤គ្រួសារ (រលំ២ខ្នង ប៉ះពាល់ធ្ងន់ ១២ខ្នង និងរបួសមា្នក់) នៅស្រុកពួក ខេត្តសៀមរាប។

 

មានប្រសាសន៍នាឱកាសនោះ លោក ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ជាបន្ថែម លោកវេជ្ជបណ្ឌិត ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។ លោកក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និង ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សូមធ្វើការអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖
គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។

គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។

អ្នករបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

គ្រួសារងាយរងគ្រោះ៖ អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស អាវយឺត២ និងថវិកា ៤ម៉ឺនរៀល៕