
គ្រួសារងាយរងគ្រោះបំផុត២ គ្រួសារនៅភូមិព្រែកហង់ និងឃុំព្រែកគយទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ទៀង សុគន្ធ នាយកសាខា និងសហការី អញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ទៅផ្តល់ជូនដល់គ្រួសារងាយរងគ្រោះបំផុត ១គ្រួសារ ម្តាយឈ្មោះ ចូច ចាន់ ភេទស្រី អាយុ ៦៥ឆ្នាំ សមាជិក ៦នាក់ រស់នៅក្នុងបន្ទុក និងមានកូនស្រី ២នាក់ ជាជនពិការខ្សោយសតិបញ្ញា ហើយ មានជីវភាពទីទ័លក្រខ្លាំង នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង និង ១គ្រួសារទៀតជាស្ត្រីមេម៉ាយឈ្មោះ ហ៊ង ស្រី ភេទស្រី អាយុ ៥៣ឆ្នាំ ជាជនពិការកាយសម្បទាទាំងអស់ មានសមាជិក ៥នាក់រស់នៅក្នុងបន្ទុក និងមានជីវភាពទីទ័លខ្លាំង រស់នៅភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
ជំនួយមនុស្សធម៌ដែលសាខាបានចែកជូនក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម ,សម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ៥០ម៉ឺនរៀល ។ ដោយឡែកចំពោះគ្រួសារដែលពិការកាយសម្បទាដើរពុំរួចនៅស្រុកកោះធំ សាខាក៏បានឧបត្ថម្ភបន្ថែមជូននូវរទេះរុញជនពិការចំនួន ១គ្រឿងផងដែរ ៕