ក្លាយជាសមាជិកកក្រក
ជាសមាជិកកាកបាទក្រហមកម្ពុជា លោក-អ្នកអាចជួយដល់ប្រជាជនកម្ពុជាឱ្យមានការផ្លាស់ប្ដូរតាមរយៈការ ប្ដេជ្ញាចិត្ដក្នុងការឧបត្ថម្ភគាំទ្រសកម្មភាព និងកម្មវិធីកាកបាទក្រហមកម្ពុជានៅថ្នាក់មូលដ្ឋាន និងថ្នាក់កណ្ដាល។ ការណ៍នេះ ផ្ដល់ឱកាសឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន អាចជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ។
ប្រភេទសមាជិកភាព
សមាជិកភាពរបស់កាកបាទក្រហមកម្ពុជា ត្រូវបើកទូលាយសម្រាប់ជនគ្រប់រូប ស្ថាប័នជាតិ ឬឯកជន ដោយមិនបែងចែកពូជសាសន៍ ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ បុគ្គលមិនមែនជាពលរដ្ឋកម្ពុជា ក៏អាចចូលជាសមាជិករបស់កាកបាទក្រហមកម្ពុជាបានដែរ។ សមាជិករបស់កាកបាទក្រហមកម្ពុជា ចែកជាប្រភេទដូចតទៅ គឺ៖ ទ្រទ្រង់ សកម្ម ឧបការី និងកិត្ដិយស ។
សមាជិកទ្រទ្រង់
សមាជិកទ្រទ្រង់ គឺជាសមាជិកដែលបង់ប្រាក់សមាជិកភាពប្រចាំឆ្នាំ តាមចំនួនកំណត់ដោយមហាសន្និបាតរបស់សមាគមជាតិ ។
សមាជិកសកម្ម
សមាជិកសកម្ម គឺជាអ្នកដែលបានព្រមព្រៀងផ្ដល់សេវាកម្មជូនសមាគមជាតិ និងបានចុះឈ្មោះនៅតាមមូលដ្ឋាន។ សមាជិកគណៈកម្មាធិការកណ្ដាល គណៈកម្មាធិការសាខា ស្ថិតនៅក្នុងប្រភេទសមាជិកសកម្ម។
សមាជិកឧបការី
សមាជិកឧបការី គឺជាបុគ្គលណាដែលបានទទួលការចាត់តាំងពីគណៈកម្មាធិការកណ្ដាលថាជា សមាជិកឧបការី ដើម្បីបញ្ជាក់នូវការទទួលស្គាល់ថា បានផ្ដល់វិភាគទានហិរញ្ញវត្ថុជាពិសេសដល់កាកបាទក្រហមកម្ពុជា។ សមាជិកឧបការីអាចទទួល បានការចាត់តាំងជាសមាជិកកិត្តិយស ប្រសិនបើមានសេចក្ដីសម្រេចពីគណៈកម្មាធិការកណ្ដាល។
សមាជិកកិត្តិយស
សមាជិកកិត្តិយស គឺជាបុគ្គលណាដែលបានទទួលការចាត់តាំងពីគណៈកម្មាធិការកណ្ដាល ជាការទទួលស្គាល់ សេវាកម្មពិសេស ឫវិភាគទាន ពិសេសដែលផ្ដល់ជូនកាកបាទក្រហមកម្ពុជា។ បុគ្គលម្នាក់មានសិទ្ធិចូលជាសមាជិកបានតែម្ដងគត់ក្នុងមួយឆ្នាំ។
កក្រកមានបញ្ជីសមាជិកច្បាស់លាស់តាមប្រភេទផ្សេងៗ។
បញ្ជីសមាជិកត្រូវមានជាស្រេចសម្រាប់តម្រូវការរបស់ គណៈកម្មាធិការកណ្ដាល និងតំណាងចូលរួមមហាសន្និបាតនៅពេលមានសំណើសុំ។
ករណីយកិច្ច និងសិទ្ធិរបស់សមាជិក
សមាជិករបស់កាកបាទក្រហមកម្ពុជា មានករណីយកិច្ចដូចតទៅ៖
– ប្រកាន់ខ្ជាប់ និងធ្វើការផ្សព្វផ្សាយគោលការណ៍គ្រឹះ ៧ប្រការ ច្បាប់មនុស្សធម៌អន្តរជាតិ និងការពារបដិរូប។
– លើកកម្ពស់ និងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់កាកបាទក្រហមកម្ពុជា និងពង្រីក សមាជិកភាព។
– អនុវត្ដតាមគោលការណ៍ និងលក្ខខណ្ឌរបស់កាកបាទក្រហមកម្ពុជា។
– បង់ប្រាក់សមាជិកភាពប្រចាំឆ្នាំ (សមាជិកទ្រទ្រង់ ឧបការី និងកិត្តិយស) លើកលែងតែសមាជិកសកម្ម ដែលចុះឈ្មោះជា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និយោជិត និងគណៈកម្មាធិការចេញ (លុះណាតែ មានការស្ម័គ្រពីបុគ្គលទាំងនោះ)។
សមាជិករបស់កក្រក មានសិទ្ធិដូចតទៅ៖
– បោះឆ្នោត និង ឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងគណៈអភិបាលគ្រប់លំដាប់ថ្នាក់។
– ចូលរួម និងបោះឆ្នោតនៅក្នុងកិច្ចប្រជុំនៅថ្នាក់សាខា ហើយប្រសិនបើជាប់ឆ្នោតនោះ នឹងមានសិទ្ធចូលរួម បោះឆ្នោត នៅក្នុងសន្និបាតថ្នាក់ខ្ពស់ជាងទៀត។
– លើកសំណើ និងបញ្ហាយកមកពិភាក្សាជាមួយនឹងគណៈអភិបាលនៅក្នុង កក្រក រួមទាំងសំណូមពរសុំធ្វើ វិសោធនកម្មលក្ខន្តិកៈនេះផង។
– ចូលរួមក្នុងការបណ្ដុះបណ្ដាលអំពី កក្រក ប្រសិនបើមានធនធាន និងធ្វើការដោយស្ម័គ្រចិត្ដជូនកក្រក។
បញ្ជាក់ ៖ ប្រាក់សមាជិកភាពទាំងនេះ អាចបង់ជារូបិយប័ណ្ណបរទេស ដោយគិតតាមអត្រាប្ដូរប្រាក់ជាក់ស្ដែង។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងសាខាកាកបាទក្រហមកម្ពុជានៅតាមខេត្ដ នីមួយៗ ឬមកថ្នាក់កណ្ដាល តាមអាស័យដ្ឋាន ផ្ទះលេខ ១៦A ផ្លូវលេខ ៦៥២ កែង ២៧១ អូរបែកក្អម សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ ០២៣-៨៨១-៥១១ ទូរសារ ០២៣-៨៨១-៥២២ ឬ ០១២-៨១០-៨៥៤ ឬ ០១២-៨១៦-៣៣៣ .០១២-៣៣៧-៣០០។