• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ អ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង នៅខេត្តតាកែវ

កក្រក​ ៖ ក្នុងឱកាសចុះផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមប្រធានបទ «ជោគជ័យអ្នកផ្ទុកមេរោគអេដស៍ ប្រឆាំងការរើសអើង» នៅថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹងចំនួន ៥៩គ្រួសារ រស់នៅស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។

ពិធីនេះ​ មានការអញ្ជេីញចូលរួមពី​ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងថ្នាក់ដឹកនាំ-មន្ត្រី យុវជន អ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជាច្រើននាក់ ព្រមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ នៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ ស្របតាមប្រធានបទនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍»។

ជាមួយគ្នានេះ ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្តេជ្ញាចិត្តក្នុងការលេីកកម្ពស់ការយល់ដឹង ជាពិសេសស្ត្រីមានផ្ទៃពោះ គឺត្រូវទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនឱ្យបានដាច់ខាត។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានផ្តាំផ្ញើនូវការអំពាវនាវជូនចំពោះអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ត្រឹមត្រូវទៅតាមវេជ្ជបញ្ជា ហើយបន្តប្រឹងប្រែងដើម្បីសុខុមាលភាពខ្លួនឯងផង និងអនាគតកូនចៅក្នុងក្រុមគ្រួសារនៅថ្ងៃអនាគតផង។ ចំពោះស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិច ៤ដងមុនពេលសម្រាល និងត្រូវទៅសម្រាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិត។ ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទទួលយកឱសថប្រឆាំងមេរោគអេដស៍ទៅប្រើប្រាស់ឱ្យបានទៀងទាត់ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក​ ប្រគេនវត្តអូរព័ទ្ធ​ អង្ករ​ ១២០គីឡូក្រាម​ មី៤កេស​ ត្រីខ​ ១កេសធំ​ និងបច្ច័យ​ ៥០ម៉ឺនរៀល​ ព្រមទាំងប្រគេនព្រះចៅអធិកា​រវត្ត​ បច្ច័យ​ ១០ម៉ឺនរៀល​ និងព្រះសង្ឃ​ ៧អង្គ​ ១អង្គៗ​ បច្ច័យ​ ៥ម៉ឺនរៀលផងដែរ៕