• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បន្តចុះផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍និងស្វាយ ពីម្តាយទៅកូន» នៅខេត្តព្រះសីហនុ

នៅថ្ងៃទី ១៩​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​របស់កាកបាទក្រហមកម្ពុជា​ និង ខេត្តព្រះសីហនុ​​ បានផ្សព្វផ្សាយ​ស្តីពី​ «ការលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន»​ ជូនដល់អ្នកផ្ទុកមេរោគអេដស៍​ ចំនួន ១៧នាក់ នៅស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ ក្នុងឱកាសនោះ ឯកឧត្តម​ គួច​ ចំរើន​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា​ ខេត្តព្រះសីហនុ​ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ​ និងក្តីនឹករលឹក​ពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយគ្នានេះ​ ឯកឧត្តម​ បានលើកឡើងពីគំរូវីរភាពរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការបន្តកិច្ចការងារ​ បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ​ ក៏ក្រុមការងារនៅអាចធ្វើការ​បានជាបន្តបន្ទាប់តាមបែបគន្លងថ្មី។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​ បានអំពាវនាវដល់បងប្អូនដែលចូលរួមកម្មវិធីនៅថ្ងៃនេះ​ សូមជួយបន្ត​ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ​ មិត្តភក្តិ​ បងប្អូនបន្ថែមទៀត ជាពិសេសមន្ត្រីពាក់ព័ន្ធ​ និងបណ្តាញផ្សព្វផ្សាយនានា​ សូមបន្តផ្សាយឱ្យបានទូលំទូលាយ​ដល់សាធារណជន​​ ដើម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ផង​ និងលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ផង។

ក្នុងឱកាសនោះអ្នកចូលរួមបាន​ទទួលនូវវត្ថុអនុស្សាវរីយ៍​ក្នុង​ម្នាក់ៗ ៖​ អង្ករ​ មី​​ ត្រីខ​​ ទឹកត្រី​ ទឹកសុទ្ធ​ ទឹកក្រូច​ សម្ភារប្រើប្រាស់​ កញ្ចប់អនាម័យ​​ និងថវិកា​ ១០ម៉ឺនរៀល។

បន្ទាប់ពីកម្មវិធីខាងលើនេះ​ ក្រុមការងារ​ បានបន្តចុះសួរសុខទុក្ខ​ និងផ្តល់អំណោយដល់កុមារកំព្រា​ ២នាក់​ ដែលត្រូវឪពុកបោះបង់ចោល​ និងម្តាយស្លាប់​ ហើយត្រូវបាន​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ ជួយសម្របសម្រួលឱ្យបានស្នាក់នៅក្នុងមណ្ឌលកុលាបនៃមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ៕