• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ នៃអង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៣ ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ដែលរួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ ប្រមាណ ២៨០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារ សារជាថ្មីម្តងទៀត ព្រមទាំងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារទាំងនេះ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។

ជាកិច្ចឆ្លើយតប លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់។ លោក ង៉ូវ ឈីវ បានបញ្ជាក់ពីគោលបំណងរបស់ អង្គការផ្ទះបាយកុមារ «គឺជួយដល់កុមារទុរគតទាំងឡាយឱ្យទទួលបានការហូបចុកគ្រប់គ្រាន់ ជៀសផុតពីជំងឺនានា ហើយទទួលបានការសិក្សារៀនសូត្រ និងជៀសផុតពីគ្រឿងញៀន។ ជាក់ស្តែង មានយុវជនជាច្រើននាក់ដែលធ្លាប់ជ្រកក្រោមដំបូលអង្គការផ្ទះបាយកុមារ បានចូលរៀនដល់ថ្នាក់មហាវិទ្យាល័យ មានការងារធ្វើសមរម្យ ហើយមានអ្នកខ្លះទៀត ក៏បានស្ម័គ្រចិត្តមកជួយដល់កុមារតូចៗជំនាន់ក្រោយនៅក្នុងអង្គការផងដែរ។»

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនអង្គការផ្ទះបាយកុមារ ដែលអំណោយនាពេលនេះរួមមាន ៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៣កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកស៊ីអ៊ីវ ៣០ដប, អំបិល ៥០គីឡូក្រាម, ជែល ២០កេស, ម៉ាស់ ១កេស, ពោតស្រស់ ២បាវ និងថវិកា ១០.០០០.០០០រៀល។ ជូនបុគ្គលិក យុវជនស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តបរទេស សរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ១ និងកាបូប១។ ជូនកុមារម្នាក់ៗ​ ឈុតខោអាវក្មេង​ ១ឈុត,​ ទឹកភេសជ្ជៈប៉ូការីស្វេត​ ១ដប,​ មី​ ២កញ្ចប់​ និងត្រីខ​ ២កំប៉ុង។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ១០០គីឡូក្រាម, មី ១០កេស និងទឹកបរិសុទ្ធ ១០កេស ផងដែរ៕