• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់កាកបាទក្រហមកម្ពុជា និងត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ នៅប្រទេសប្រ៊ុយណេ

នៅថ្ងៃចន្ទ ទី ១២ ខែកញ្ញា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់កាកបាទក្រហមកម្ពុជា និងត្រៀមខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកាយុវជនអាស៊ី-អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធចំនួន ៣១នាក់។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានអង្គប្រជុំ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានរៀបរយខ្លឹមសារ និងត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរសម្រាប់យកទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៩ និងវេទិកាយុវជនអាស៊ី-អាគ្នេយ៍ នៅប្រទេសប្រ៊ុយណេ នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានធ្វើបទបង្ហាញ និងឧទ្ទេសនាមដល់មន្ត្រីទាំងអស់ ឱ្យមានការយល់ដឹងពីស្ថានភាពជាសកល និងការវិវត្តនៃសកលភាវូបនីយកម្ម ក៏ដូចជាស្ថានភាពក្នុងតំបន់ និងទំនាក់ទំនងនៅក្នុងបណ្តាប្រទេសអាស៊ាន ហើយដែលឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាយើងគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។

ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់នូវការតម្រង់ទិសពីខ្លឹមសារគន្លឹះទៅតាមរបៀបវារៈ សម្រាប់យកទៅចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសប្រ៊ុយណេ ដែលក្នុងនោះបានផ្តោតទៅលើ ៖

១. ការពិនិត្យលើលទ្ធផលនៃកិច្ចពិភាក្សាវេទិកាយុវជន ដែលជំរុញយុវជនឱ្យក្លាយជាអ្នកដឹកនាំវ័យក្មេង។

២. ពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងបាងកក ក្នុងកិច្ចប្រជុំលើកទី១៨ កាលពីឆ្នាំ២០២១។

៣. ពិនិត្យវឌ្ឍនភាពនៃសេចក្តីអំពាវនាវទីក្រុងម៉ានីល កាលពីឆ្នាំ២០១៨ ដែលក្នុងនោះមានការប្តេជ្ញាចិត្តចំនួន ២២ចំណុច ដែលផ្តោតលើបញ្ហាប្រឈម និងការដោះស្រាយរួមគ្នាចំនួន ១៣ចំណុច។

៤. ទស្សនវិស័យឆ្នាំ២០៣០ លើការងារវិជ្ជាសង្គ្រោះបឋម ដែលក្រុមប្រតិបត្តិត្រូវត្រៀមលក្ខណៈក្នុងការធ្វើបទអន្តរាគមន៍ឱ្យបានសមស្រប។

៥. កិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិ និងអាស៊ាន ដែលផ្តោតលើសសរស្តម្ភចំនួន ៣ គឺ ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, ការងារសុខភាព និងការថែទាំសុខភាព, និងការចូលរួមរបស់យុវជន។

៦. បណ្តាញការងារនានានៅក្នុងភូមិភាគ មានដូចជា ការងារយេនឌ័រ ការគាំពារ និងបរិយាបន្ន, ការកសាងភាពធន់សហគមន៍, ការធ្វើចំណាកស្រុក, ការកៀរគររកមូលនិធិ, និងការងារជំរុញយុវជនឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។

៧. ការត្រៀមលក្ខណៈរបស់កាកបាទក្រហមកម្ពុជា ក្នុងការទទួលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម តំបន់អាស៊ី-អាគ្នេយ៍ លើកទី២០ ឆ្នាំ២០២៣៕