• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជាលើកទី ៧ ដល់បុរីទារក និងកុមារជាតិ ដើម្បីអបអរទិវាកុមារអន្តរជាតិ

ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ នៅថ្ងៃអង្គារ ទី ៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី ៧ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២៤៧នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកជំទាវ បានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្ត ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ជាកិច្ចឆ្លើយតប លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអំណោយមនុស្សធម៌ជូនបុរីទារកនិងកុមារជាតិ បានចំនួន ៧លើក គិតចាប់តាំងពីឆ្នាំ២០១៦រៀងមក ហើយដែលអំណោយផ្តល់ជូននាពេលនេះរួមមាន ៖ អង្ករ ២តោន, មី ៤០កេស, ត្រីខ ៥កេស, ទឹកក្រូច ២០កេស, ទឹកសុទ្ធ ២០កេស, ទឹកត្រី ៣០ដប, ទឹកស៊ីអ៊ីវ ៣០ដប, ប្រេងឆា ២កេស, អំបិល ២៥គីឡូក្រាម, ដុំស៊ុបខ្នរ ៣កេស, អាល់កុល ៦០លីត្រ, ម៉ាស់ ២០ប្រអប់ (ស្មើនឹង ១.០០០ម៉ាស់) និងថវិកា ១០លានរៀល។ ដោយឡែក គ្រូ-បុគ្គលិក ចំនួន ៨៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០ម៉ឺនរៀល៕