• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន អ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកកោះធំ ខេត្តកណ្តាល

កក្រក​ ៖​ ដើម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «សុខភាពកុមារកម្ពុជានាពេលអនាគត»​ នៅថ្ងៃចន្ទ​ ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយជូនស្ត្រីមានផ្ទៃពោះ​ស្ត្រីទើបសម្រាលកូន​ អ្នកជំងឺ​ និងបុគ្គលិកពេទ្យ-កម្មករ​ ចំនួន​ ៥២៩នាក់​ នៅក្នុងមន្ទីរពេទ្យបង្អែកកោះធំ​ ស្ថិតនៅភូមិព្រែកថ្មី​ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្តាល។

ក្នុងឱកាសនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតស្រឡាញ់​ ចំពោះប្រជាពលរដ្ឋទាំងអស់​ ជាពិសេសបងប្អូន​ ក្មួយៗជា​ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីមានកូនតូចដែលបានចូលរួមក្នុងកម្មវិធី​នេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានថ្លែងអំណរគុណនិងកោតសរសេីរចំពោះ​ ឯកឧត្តម​ គង់​ សោភ័ណ​ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ ដែលបានថ្លែងរបាយការណ៍ស្តីពី​សមិទ្ធផល​របស់សាខា​ និងអាន​សារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូនបងប្អូនរួមជាតិ​ ក្នុងឱកាសទិវាជាតិ​សុខភាពមាតា​ ទារក​ និងកុមារ។

ជាមួយគ្នានេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានគូស​បញ្ជាក់​ពីសារបាននៃ​ការកំណត់​ ទិវាជាតិ​សុខភាពមាតា​ ទារក​ និងកុមារ​ ២១កុម្ភៈ​ នេះ​ ស្របពេលដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានទទួលគោរមងារពី​អង្គការ​សហប្រជាជាតិ​ ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ​នៃផែន​ការ​សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ នៅថ្ងៃទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ​២០១១​។ ក្នុងតួនាទីជា​ ឥស្សរជនឆ្នើមថ្នាក់ជាតិ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានបំពេញការងារយ៉ាងសំខាន់ជួយពង្រឹងកម្លាំងចលករទាំងអស់​ ក្នុងការគាំពារសុខភាពស្ត្រីនិងកុមារ​។​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មិនត្រឹមតែជាអ្នកអំពាវនាវកៀរគរមតិ​ និងធនធានប៉ុណ្ណោះទេ​ សម្តេច​ ថែមទាំងជាអ្នកផ្តល់គម្រូល្អ​ បំផុសគំនិត​ដល់អ្នកជំនាន់ក្រោយ​ ឱ្យបន្តវេនបំពេញការងារមនុស្សធម៌​ ការងារសង្គម​ និងជាពិសេសជួយលេីកកម្ពស់​វិជ្ជាជីវៈឆ្មបជំនាញ​ ដេីម្បីជួយគ្រប់ស្ត្រីទាំងអស់ទទួលបាននូវមាតុភាពល្អប្រសេីរ​ ទារកនិងកុមារទាំងអស់មានសុខភាពល្អរឹងមាំ​ និងបញ្ញាស្មារតីឆ្លាតវាងវៃ​។

លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានបន្ថែមថា​ ការធ្វេីឱ្យមានការប្រែប្រួល​ រីកចម្រេីនស្ថានភាពសុខភាព​ ស្ត្រី​ និងកុមារ​ គឺមិនមែនមានតែតួអង្គណាម្នាក់អាចធ្វេីតែ​ម្នាក់ឯងបានទេ​ ដែលការងារនេះ​ តម្រូវឱ្យមានការចូលរួមពីគ្រប់​ភាគីពាក់ព័ន្ធទាំងអស់​ និងធនធានគ្រប់ផ្នែក​ ជាពិសេស​ ការយកចិត្តទុកដាក់​ និងប្តេជ្ញាចិត្តរបស់បុគ្គលជាស្ត្រីគ្រប់រូប​ ដែលត្រូវថែទាំខ្លួនឯង​ និងទទួលអាហារូបត្ថម្ភត្រឹមត្រូវ​ ប្តេជ្ញារួមគ្នាកាត់បន្ថយអត្រាមរណៈរបស់ស្ត្រីនិងទារក​នៅពេលសម្រាល។

សូមបញ្ជាក់ជូនថា​ អំណោយផ្តល់ជូន​ ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីមានកូនតូចចំនួន​ ៤០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ ឃីត១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២​ កន្សែង២)​ និងថវិកា​ ១០ម៉ឺនរៀល​។ ផ្តល់ជូនស្ត្រីទេីបសម្រាលកូន​-ត្រៀមសម្រាល​ និងអ្នកជំងឺ​ ៦៤នាក់​ សម្រាកនៅតាមបន្ទប់​ ក្នុងម្នាក់ៗ​ទទួលបាន​ មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២​ កន្សែង២​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ស្ករស​ ២គីឡូក្រាម​ ទឹកដោះគោប្រអប់​ ១២ប្រអប់តូច​ និងថវិកា​ ១០ម៉ឺនរៀល។ ផ្តល់ជូនបុគ្គលិកពេទ្យ​ និងកម្មករ​ ៦៥នាក់​ ក្នុងម្នាក់ៗទទួលបាន​ ថវិកា​ ៥ម៉ឺនរៀល​៕