


កាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់មណ្ឌល-អង្គការ ចំនួន ៣ នៅរាជធានីភ្នំពេញ
នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនមណ្ឌល-អង្គការចំនួន៣ គឺ ទី១. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (លើកទី១៥) ទី២. បុរីទារកនិងកុមារជាតិ (លេីកទី៨) និងទី៣. អង្គការលើកស្ទួយប្រជាពលរដ្ឋ (លើកទី១០) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះជនមានពិការភាព កុមារនិងបុគ្គលិកទាំងអស់នៃមណ្ឌល-អង្គការទាំង៣ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត បណ្តុះបណ្តាលជំនាញ មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកជំទាវ បានផ្តាំផ្ញើដល់ ក្មួយៗ ចៅៗ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ក្នុងមជ្ឈមណ្ឌល បុរី និងសមាជិកក្នុងអង្គការទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្ត ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ជាកិច្ចឆ្លើយតប តំណាងមណ្ឌល-អង្គការទាំង៣ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយផ្តល់ជូនមណ្ឌល-អង្គការនីមួយៗទទួលបាន ៖ អង្ករ ៥០០គីឡូក្រាម ម៉ាស់ ២កេស និងភេសជ្ជៈ ១០០កេស៕