• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពេជ សោភ័ន សមាជិកាបម្រុងគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ-បច្ច័យ ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ និងព្រះសង្ឃ គងនៅវត្តចំនួន ៣ ក្នុងរាជធានីភ្នំពេញ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះលោកជំទាវ ពេជ សោភ័ន និងគណៈប្រតិភូ បានអញ្ជើញថ្វាយទេយ្យវត្ថុ-បច្ច័យ ដល់ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តបទុមវតីរាជវរារាម គណៈធម្មយុត្តិកនិកាយ, ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និងប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាអគ្គលេខាធិការរង ថេរសភានៃពុទ្ធសាសនា ដែលគង់នៅវត្តបទុមវតីរាជវរារាម គណៈមហានិកាយ, និងប្រគេន ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូធ្យស្តាំ ព្រះតំណាង សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមទីប្រឹក្សាគណៈមហានិកាយ និងជាព្រះអនុប្រធានថេរសភានៃពុទ្ធសាសនា ដែលគង់នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ៖ ទេយ្យវត្ថុដែលប្រគេនវត្តនីមួយៗ រួមមាន អង្ករ ២តោន, មី ៣០កេស, ត្រីខ ៣កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, កាហ្វេកញ្ចប់ ២កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច និងទឹកផ្លែឈើ ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែឈើស្រស់ ២កន្ត្រក និងបច្ច័យចំនួន ១០លានរៀល។ ដោយឡែកសម្រាប់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះពុទ្ធជ័យមុនី និងព្រះបវរសត្ថា ក្នុង១ព្រះអង្គ បវរណាថ្វាយ-ប្រគេននូវ សាដក១, ចង្ហាន់១ស្រាក់, បង្អែម១ កាតូ និងបច្ច័យចំនួន ១លានរៀល។ ប្រគេនព្រះសង្ឃគង់អមទាំង៣វត្ត សរុប ១១អង្គទៀត ក្នុង១អង្គ ៗសាដក១, ចង្ហាន់១ស្រាក់, បង្អែម ១កាតូ និងបច្ច័យ ២០ម៉ឺនរៀល។