កាកបាទក្រហមកម្ពុជា ប្រគេនបច្ច័យ គ្រឿងឧបភោគ-បរិភោគដល់ ព្រះតេជគុណ ឌៀប វុទ្ធីដែលមានអាពាធធ្ងន់ធ្ងរ
កក្រក ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគេនបច្ច័យ គ្រឿងឧបភោគ-បរិភោគមួយចំនួនដល់ ព្រះតេជគុណ ឌៀប វុទ្ធី គង់នៅវត្តព្រះវិហារសំណ ដែលស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយប្អូនប្រុសរបស់ព្រះអង្គ ព្រះនាម ប៊ុត វណ្ណដា មានអាពាធធ្ងន់ធ្ងរ (កោសិកាមិនផលិតគ្រាប់ឈាម) កំពុងគង់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងប្រគេនពរចំពោះ ព្រះតេជគុណ ប៊ុត វណ្ណដា សូមឆាប់បានជាសះស្បើយពីអាពាធឡើងវិញ។
ព្រះតេជគុណ ឌៀប វុទ្ធី បានឱ្យពរសព្ទសាធុការចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលគិតគូរចំពោះទុក្ខលំបាករបស់មនុស្សទូទៅដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕