• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom)

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣ម៉០០នាទី ដល់ម៉ោង ១៧ម៉០០នាទី ហើយដែលកាកបាទក្រហមថៃ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំឆ្នាំ២០២១នេះ។

កិច្ចប្រជុំនារសៀលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក Tej Bunnag អគ្គលេខាធិការសមាគមជាតិកាកបាទក្រហមថៃ និងអញ្ជើញជាភ្ញៀវកិត្តិយសពីលោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងលោក Robert Mardini នាយកប្រតិបត្តិគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងយុវជននៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ទាំង ១១សមាគមជាតិ។

សម័យប្រជុំថ្ងៃទី១នេះ បានផ្តោតសំខាន់លើ បញ្ហាប្រឈមក្នុងវិបត្តិកូវីដ-១៩ ដែលសមាគមជាតិទាំង១១ នៅភូមិភាគអាស៊ី-អាគ្នេយ៍ ក៏ដូចជាចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បាននិងកំពុងជួបប្រទះ និងរួមសហការគ្នា ពង្រឹងកម្លាំងសាមគ្គីភាពជាតិ-អន្តរជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រោះអាយុជីវិតមនុស្សជាតិ។

ជាមួយគ្នានេះ ការបាត់បង់ជីវិតមនុស្សជារៀងរាល់ថ្ងៃ ដោយសារតែវិបត្តិកូវីដ-១៩អូសបន្លាយ ជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កឡើងដោយមនុស្សដែលមានវិសាលភាពកាន់តែធំឡើងៗនោះ ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ត្រូវតែលើកកម្ពស់គុណតម្លៃរបស់ខ្លួន ក្នុងការពង្រឹងភាពធន់នៅតាមសហគមន៍ និងបំផុសកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនចូលរួមក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងចូលរួមដោះស្រាយបញ្ហាសំខាន់ៗដែលមានលក្ខណៈជាសកលដូចជា ការប្រែប្រួលអាកាសធាតុ បញ្ហាបច្ចេកវិទ្យា និងការខិតខំកៀរគររកមូលនិធិ ដើម្បីធានានិរន្តរភាពរបស់សមាគមជាតិ ក្នុងការបន្តប្រតិបត្តិការមនុស្សធម៌។

បន្ថែមពីនេះ កិច្ចប្រជុំបានផ្តោតលើការគិតគូររួមគ្នា ការកសាងសមត្ថភាពរបស់សមាគមជាតិនីមួយៗ ក៏ដូចជាចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងការស្តារឡើងវិញនៃស្ថានភាពកូវីដ-១៩។ ទន្ទឹមនឹងនេះ កិច្ចប្រជុំបានចែករំលែកនូវបទពិសោធន៍ល្អៗ កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ការចាក់វ៉ាក់សាំង និងការចែករំលែករបស់បណ្តាញយុវជនអាស៊ី-អាគ្នេយ៍ ទៅលើការងារភាពជាអ្នកដឹកនាំវ័យក្មេងរបស់យុវជន ការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន ការទំនាក់ទំនងក្នុងក្របខណ្ឌយុវជន សកម្មភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការគាំទ្រផ្នែកចិត្តសាស្ត្រ៕