• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី ១ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី៤ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវជាលើកទី១០ (ឆ្នាំទី១០) គិតចាប់តាំងពីឆ្នាំ២០១២រៀងមក សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។

ក្នុងឱកាសជួបសវនាការនោះ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដេីម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកជំទាវ បានជម្រាបជូនអំពីសកម្មភាពកៀរគររកមូលនិធិ ក្នុងទិវា ៨ឧសភា និងការអនុវត្តសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក។

ជាកិច្ចឆ្លើយតប ឯកឧត្តម រស់ សីលវ៉ា ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលខិតខំស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលេីកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម បានរៀបរាប់ពីវឌ្ឍនភាពការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការកៀរគរមូលនិធិ ដែលបាននិងកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការថយចុះនៃទំហំថវិកាបរិច្ចាគពីសំណាក់សប្បុរសជននានា។

ជាមួយគ្នានេះ លោកវេជ្ជ. Denis Laurent ក៏បានសម្តែងនូវការដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាជាបន្តបន្ទាប់ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នាពេលនេះ ដែលនេះជាការឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់កុមារទាំងអស់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា។

សូមបញ្ជាក់ថា នេះជាលើកទី ៤ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី១០ (១០លើក) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២ បន្តបន្ទាប់មក៕