កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាពសាខានៅខេត្តកំពង់ធំ
សាខាកក្រកខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាពសាខា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសំណាក់ ព្រមទាំង សមាជិក-សមាជិកា គណៈកម្មាធិការសាខា មន្ត្រីថ្នាក់កណ្ដាល និងក្រុមប្រតិបត្តិសាខា សរុបចំនួន៣២នាក់។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ៖
១- ការកសាងធនធានមនុស្ស និងការរៀបចំតួនាទីភារកិច្ច របស់ក្រុមប្រតិបត្តិទៅតាមសមត្ថភាព និងជំនាញរបស់បុគ្គលម្នាក់ៗ។
២-ទម្រង់ការហិរញ្ញវត្ថុ ដោយត្រូវមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ព្រមទាំងត្រូវកត់ត្រា រាល់ចំណូល-ចំណាយ និងចរន្តហិរញ្ញវត្ថុត្រូវដាក់ទៅតាមផ្នែកនីមួយៗ សម្រាប់ទ្រទ្រង់សកម្មភាពរបស់សាខា។
៣-ការរៀបចំរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់មន្ត្រី-បុគ្គលិកសាខា។
៤-លក្ខខណ្ឌការងារ និងប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេស របស់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះដែរ លោកជំទាវអគ្គលេខាធិការ បានអញ្ជើញប្រគល់ឧបករណ៍បន្សុទ្ធទឹក និងសម្លាប់មេរោគក្នុងទឹក ម៉ូដែល AP 700 CL ចំនួន ២ ឈុត ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជាជំនួយរបស់សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ផងដែរ៕