• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កាកបាទក្រហមកម្ពុជាយកអំណោយមនុស្សធម៌ជូន លោក យូ តារាវុធដែលមានជំងឺធ្ងន់ធ្ងរងើបពុំរួច

កក្រក​ ៖​ នៅរសៀលថ្ងៃទី ១៧​ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ​ ឃួន​ សុដារី​ អនុ ប្រធាន​កាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ រួមមាន​គ្រឿងបរិភោគ​ ផ្លែឈើ​ ទឹកដោះគោ និង​ថវិកាមួយចំនួន​ជូន​ លោក​ យូ​ តារាវុធ​ អាយុ​ ៦៤​ឆ្នាំ​ អនុប្រធាន​នាយក​ដ្ឋាន​និពន្ធកាសែត​ប្រជាជន​ ដែលមាន​ជំងឺធ្ងន់ធ្ងរ​ងើបពុំរួច​ កំពុងសម្រាក​ព្យាបាល​នៅគេហដ្ឋាន​ស្ថិតនៅខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ​ ឃួន​ សុដារី​ បានពាំនាំប្រសាសន៍​សួរសុខទុក្ខពី​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្ដាំផ្ញើការ​អាណិតអាសូរ​ និងលើកទឹកចិត្ត​ចំពោះ លោក​ យូ​ តារាវុធ​ ដែលជាបុគ្គលិក​សកម្ម​ មានស្នាដៃ​និពន្ធព័ត៌មាន​ជាច្រើន​ដើម្បី​បម្រើដល់​ការតាមដាន​ព្រឹត្តិការណ៍​ជាតិសំខាន់ៗ​របស់​សាធារណជន​ ​ក៏ដូចជាការ​ផ្សព្វផ្សាយនូវ​សមិទ្ធផល​ជាច្រើនរបស់​រាជរដ្ឋាភិបាលកម្ពុជា​ ដែលបាន​និងកំពុងអភិវឌ្ឍ​ឥតឈប់ឈរ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានលើក​ទឹកចិត្តដល់លោក យូ​ តារាវុធ ត្រូវខិត​ខំបំប៉ន​សុខភាពឱ្យបានល្អ​ អនុវត្តតាម​ការណែនាំ​របស់គ្រូពេទ្យ​ និងជូនពរ​ឆាប់បានជា​សះស្បើយ​ឡើងវិញ។

លោក យូ​ តារាវុធ​ និងភរិយា​ មានក្តីរំភើបដល់​ស្រក់ទឹកភ្នែក​ និងបានសម្តែង​នូវការដឹងគុណ​ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំ​កាកបាទក្រហម​កម្ពុជា ដោយយក​ចិត្តទុកដាក់​ គិតគូរ មានក្តីមេត្តា ករុណា​ ផ្តល់ភាព​កក់ក្តៅ និងលើកទឹកចិត្ត​ដល់ប្រជាជន​គ្រប់រូប​ ដោយគ្មាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ៕