• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ជូនដល់អ្នកផ្ទុកមេរោគអេដស៍មកពី ១៣សង្កាត់ ក្នុងរាជធានីភ្នំពេញ

កក្រក​ ៖​ ដើម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា» នៅថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ មកពី ១៣សង្កាត់ ក្នុងខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ​ ហើយដែលពិធីនេះប្រព្រឹត្តទៅនៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម

របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

បន្ទាប់ពីវាគ្មិនរបស់ក្រុមការងារ បានធ្វើការបកស្រាយអំពីស្ថានភាពជំងឺអេដស៍ ការទប់ស្កាត់ជំងឺកូវីដ-១៩​ និងការរស់នៅធម្មតាតាមបែបគន្លងថ្មី រួចមក បងប្អូនអ្នកផ្ទុកមេរោគអេដស៍បានចូលរួមយ៉ាងផុសផុល ចែករំលែកបទពិសោធន៍ និងជីវិតតស៊ូក្នុងការរស់នៅជាមួយមេរោគអេដស៍ ជាពិសេសពួកគាត់បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ការថែទាំសុខភាព អនាម័យ និងធ្វើលំហាត់ប្រាណទៀងទាត់ ដែលជួយពួកគាត់ឱ្យទប់ស្កាត់បានជំងឺឱកាសនិយមនានា​ និងមានសុខភាពល្អមាំមួនដូចមនុស្សដទៃទៀតដែរ។​ ក្នុងពេលបច្ចុប្បន្ននេះទៀត​ ក្នុងស្ថានភាពជំងឺកូវីដ​-១៩​ ពួកគាត់បាន​យល់ដឹងអំពីវិធានការនានារបស់​ក្រសួងសុខាភិបាល​ ជាពិសេសគឺការរស់នៅធម្មតាតាមបែបគន្លងថ្មី។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីជីវភាពរស់នៅ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការយល់ដឹងខ្ពស់អំពីការរស់នៅតាមបែបគន្លងថ្មី ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះ លោកជំទាវ បានរៀបរាប់អំពីសាវតានៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មុននិងក្រោយពេលដែលសម្តេច ទទួលបានគោរមងារពីអង្គការសហប្រជាជាតិ គឺជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលបានផ្តល់ជាគំរូដល់អន្តរជាតិក្នុងការចូលរួមទប់ស្កាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ហើយធ្វើឱ្យអត្រាប្រេវ៉ាឡង់បានធ្លាក់ចុះជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោកជំទាវ បានពាំនាំនូវសាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអំពាវនាវ «ឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តប្រឹងប្រែងរួមគ្នាធ្វើការងារអេដស៍ ឱ្យឈានឆ្ពោះទៅសម្រេចបានគោលដៅបញ្ចប់អេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ ពោលគឺ គ្មានការឆ្លងថ្មីនៃមេរោគអេដស៍ គ្មានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងគ្មានការស្លាប់នៃអ្នកជំងឺអេដស៍ដោយមិនបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍​ និងការចូលរួមរបស់អ្នកផ្ទុកមេរោគអេដស៍មិនចម្លងទៅអ្នកដទៃ។»

សូមបញ្ជាក់ថា គ្រួសារអ្នកផ្ទុកមេរោគអេដស៍នីមួយៗទទួលបានអំណោយ ៖ អង្ករ ៣០គីឡូក្រាម, មីយេីង ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប,​ កញ្ចប់ស្បៀង (ប្រេងឆា, អំបិល, ស្ករស, ទឹកដោះគោ,​ អង្ករ ២គ.ក្រ) ១កញ្ចប់, ឃីត (សារុង ក្រមា មុង ភួយ អាវយឺត) ១ឃីត, ទឹកសុទ្ធ ១កេស, សាប៊ូ ២ដុំ, អាល់កុលកន្លះលីត្រ ១ដប, ម៉ាស់ ២០បន្ទះ និងថវិកា ៥០.០០០រៀល៕