• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនដល់គ្រួសារយុទ្ធជន អតីតយុទ្ធជននៅស្រុកអន្លុងវែង

ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារយុទ្ធជន-អតីតយុទ្ធជន និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជនចំនួន ២១គ្រួសារ រស់នៅក្នុងឃុំអន្លង់វែង​ និង ២៩គ្រួសារទៀត រស់នៅឃុំត្រពាំងប្រិយ៍ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល សម្រាប់យកទៅប្រកបមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនគ្រួសារយុទ្ធជន និងអតីតយុទ្ធជនទាំងអស់ ជាពិសេសលើកទឹកចិត្តឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ លោកជំទាវ បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនគ្រួសារយុទ្ធជន អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ ហេតុដូចនេះហើយ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តអនុវត្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការប្រកបរបរចូលព្រៃដែលប្រឈមនឹងគ្រោះថ្នាក់នានា។»

ជាមួយគ្នានេះ លោកជំទាវ ក៏បានពាំនាំនូវការកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះយុទ្ធជនជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា ក្នុងការរស់នៅជួបជុំក្រុមគ្រួសារ ទៅបម្រើជាតិមាតុភូមិ រីឯភរិយា រស់នៅផ្ទះខិតខំប្រកបរបរចិញ្ចឹមកូនដើម្បីអនាគតរុងរឿង។

លោកជំទាវ បានគូសបញ្ជាក់ដែរថា ៖ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាម៉េរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ រស់នៅមានអនាម័យ ពិសាទឹកឆ្អិន និងត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាក់ស្តែងបាតុភូតផ្គរ រន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជន​ គ្រួសារប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីន គ្រួសារមានពិការភាព​ និងគ្រួសារក្រីក្រសរុបចំនួន ៧,៩៩៣គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ កណ្តាល​ និងព្រះវិហារ ហើយដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់ដបន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។

បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១៣ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់៕