• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាផ្តល់អំណោយជាលើកទី៨ ជូនអង្គការលើកស្ទួយប្រជាពលរដ្ឋនៅខណ្ឌមានជ័យ

ក្នុងស្ថានភាពដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩​ នៅថ្ងៃព្រហស្បតិ៍​ ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​ជាលេីកទី​ ៨​ (គិតចាប់តាំងពីឆ្នាំ២០១៤)​ ជូន​អង្គការលេីកស្ទួយប្រជាពលដ្ឋ​ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់កុមារ​ និងសិស្សានុសិស្សចំនួន​ ១,៣៧១នាក់​ ដែលជាបន្ទុករបស់អង្គការ​ ក្នុងឆ្នាំ២០២០នេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ​ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក​ និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម​ ហើយជាពិសេស​​ ទទួលបានផលជោគជ័យក្នុងជីវិត​ និងមានការ​ងារ​ធ្វើសមរម្យ។ ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់​ ត្រូវថែទាំសុខភាពឱ្យបានល្អ​ ទម្លាប់រស់នៅស្អាត​មានអនាម័យ​ និងបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអនាគតរុងរឿង​ ហើយជៀសវាងអំពេីអសីលធម៌នានា ដោយធ្វេីខ្លួនជាកូនល្អ​ សិស្សល្អ​ ពលរដ្ឋល្អ​ និងជាគំរូនៅក្នុងសង្គមជាតិ។

ជាមួយគ្នានេះ​ សូមក្មួយៗទាំងអស់យកចិត្តទុកដាក់​ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច​ចំពោះជំងឺកូវីដ-១៩​ ព្រោះបច្ចុប្បន្ននេះ ក្រៅអំពីការទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានការលេចឡើងជំងឺគ្រុនឈីក (CHIK) សារជាថ្មីឡើងវិញនៅខេត្តបន្ទាយមានជ័យ​ ដែល​នេះអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែល​ប្រឈមទៅនឹងហានិភ័យ​ ឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី​ ដែលចល័តពី កន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងដែលមិនមានអនាម័យបរិស្ថានស្អាត និងទីកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាច្រើនជាដើម។

លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ និងលើកទឹកចិត្តជាច្រើនលើកច្រើនសារ ពិសេសជំរុញក្មួយៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

សូមបញ្ជាក់ថា​ អំណោយដែលបានផ្តល់ជូន​អង្គការលេីកស្ទួយប្រជាពលដ្ឋ​ រួមមាន​ ៖​ អង្ករ​ ៥តោន​ មី​ ៥០កេស​ ត្រីខ​ ១៥កេស​ ទឹកត្រី​ ៣៦ដប​ ទឹកស៊ីអ៊ីវ​ ៣៦ដប​ ប្រេងឆា​ ៣៦ដប​ អាល់កុល​ ៦០លីត្រ​ ម៉ាស់​ ១០ប្រអប់​ និងថវិកា​ ១០,០០០,០០០រៀល​ (ដប់លានរៀល)៕