កាកបាទក្រហមកម្ពុជាផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគដល់ លោក អ៊ុក រីជែម
កក្រក ៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនដល់ លោក អ៊ុក រីជែម អាយុ ២៧ឆ្នាំ ដែលមិនអាចមានពេលទៅប្រកបរបរបានដោយត្រូវនៅថែទាំភរិយាមានជំងឺគ្រុនចាញ់ និងធ្លាក់ឈាម បន្ទាប់ពីទើបសម្រាលកូនបាន ២០ថ្ងៃ កំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងផ្តាំផ្ញើអ្នកជំងឺឱ្យខិតខំបំប៉នសុខភាពឱ្យបានល្អ បរិភោគអាហារមានជីរជាតិ មានអនាម័យស្អាតក្នុងការថែទាំកូន អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីអនាគតគ្រួសារ។
សូមបញ្ជាក់ថា ៖ គ្រួសារតូចដ៏កម្សត់មួយនេះ បានសម្រេចចិត្តផ្លាស់ទីពីស្រុកកំណើតនៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកភ្នំពេញដើម្បីបន្តមុខរបររត់ម៉ូតូកង់បី ដោយស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូននៅ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មិនបានប៉ុន្មានថ្ងៃផង ភរិយាសរសៃខ្ចីក៏មានជំងឺ ហើយគ្មានលទ្ធភាពទិញអាហារបំប៉នសុខភាពតាមវេជ្ជបញ្ជានោះទេ។ ពេលនេះ លោក អ៊ុក រីជែម និងភរិយា បានសំដែងនូវការដឹងយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តសណ្តោសប្រណីថ្លៃថ្លា គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕