• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាប្រគល់អំណោយលើកទី២ នូវ សាប៊ូ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនសាខា ទាំង ២៥រាជធានី-ខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយ លើកទី២ នូវ សាប៊ូ ចំនួន ៨១០ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធីសម្អាតដៃ (ទំហំA២) ២២,៤០០សន្លឹក បណ្ណប្រកាស (ទំហំA៤) ៤៣,២០០សន្លឹក និង ផ្ទាំងរូបភាព (ទំហំ១២៥cm x ១៦៣cm) ចំនួន៥៥០ផ្ទាំង ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ ជាអាទិភាព ដែលមានកណីឆ្លងជំងឺកូវីដ១៩ ទទួលបាន ម៉ាស់ ៤,០០០ប្រអប់(ស្មើនឹង ២០០,០០០ម៉ាស់) សម្រាប់មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សាខា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត បានផ្លាស់ប្តូរបទពិសោធន៍នូវយុទ្ធនាការចុះផ្សព្វផ្សាយកន្លងមកផងដែរ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី-បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញេីដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕