• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍​ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី ២៧​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា​ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈដូចខាងក្រោម ៖

១.​ ឆ្លងសេចក្តីព្រាង របាយការណ៍សកម្មភាពឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២

២.​ ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយឆ្នាំ២០២១ និងស្នើសុំការអនុម័តលើផែនការថវិកាចំណាយជាអាទិភាពឆ្នាំ២០២២

៣.​ ស្នើសុំការអនុម័ត សេចក្តីព្រាង យុទ្ធសាស្រ្ត ២០២១-២០៣០

៤.​ បញ្ហាផ្សេងៗ។​

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន​ កាកបាទក្រហមកម្ពុជា​, លោកជំទាវកិត្ដិបណ្ឌិតអ៊ុក ម៉ាលី អគ្គហេរញ្ញិក,​ សមាជិកគណៈកម្មាធិការកណ្តាល​ និងមន្ដ្រីប្រតិបត្ដិ​ សរុបចំនួន​១៩នាក់។

ជាលទ្ធផលកិច្ចប្រជុំបាន​ ៖

១.​ អនុម័តរបាយការណ៍សកម្មភាពឆ្នាំ២០២១ ដែលសម្រេចបានទៅតាមវិស័យអាទិភាពទាំង៤ ក្នុងនោះមានជាសំខាន់ដូចជា៖ ការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩, ការជួយឧបត្ថម្ភសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតជាង ១០ម៉ឺនគ្រួសារ,​ កសាងផ្ទះសរុបចំនួន ៧៨៦ខ្នង សម្រាប់ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨ខ្នង (ក្នុងនោះព្រះរាជអំណោយរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ចំនួន ១០ខ្នង) និងជូនចាស់ឥតទីពឹងចំនួន ១៥៨ខ្នង, ការចូលរួមឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ការកាត់បន្ថយការចម្លងមេរោគអេដស៍និងស្វាយពីម្តាយទៅកូន និងការលើកកម្ពស់សុខភាពស្ត្រី និងកុមារ តាមរយៈសកម្មភាពការងាររបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់សាខា ២៥រាជធានី-ខេត្ត, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់អង្គការ សមាគមនានា ចំនួន ១១, រួមទាំងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការសង្គ្រោះបឋម ការផ្តល់កន្លែងលាងដៃតាមគ្រឹះស្ថានសិក្សា។ល។

២.​ អនុម័តរបាយការណ៍ចំណូល-ចំណាយឆ្នាំ២០២១ ជាមួយនឹងអនុសាសន៍បន្តពង្រឹងការធ្វើសវនកម្ម ដើម្បីធានាបានការជឿទុកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអនុម័តផែនការចំណាយជាអាទិភាពឆ្នាំ២០២២ ដែលជាកញ្ចប់ថវិកាមិនស្ថិតនៅក្នុងមូលនិធិទទួលបានពីសប្បុរសជន ហើយបើប្រៀបធៀបឆ្នាំ២០២១ ថវិកាស្នើសុំចំណាយឆ្នាំ២០២២ មានការថយចុះចំនួន ១២.៤០%។

៣.​ ពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ ឈានទៅដល់ការអនុម័តយុទ្ធសាស្ត្រ២០២១-២០៣០ ដោយផ្តល់អនុសាសន៍ឱ្យអគ្គលេខាធិការដ្ឋាន និងសាខាទាំង២៥រាជធានី-ខេត្ត កសាងផែនការអភិវឌ្ឍ ៥ឆ្នាំ​ (២០២១-២០២៥) ដោយមានសូចនាករច្បាស់លាស់ និងផែនការសកម្មភាពសម្រាប់ឆ្នាំនីមួយៗតាមស្មារតី «កម្លាំងនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល»។

កាកបាទក្រហមកម្ពុជា ប្តេជ្ញានឹងបន្តបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀត ជាពិសេស ក្នុងការអប់រំផ្សព្វផ្សាយឱ្យសហគមន៍ពង្រឹងការអនុវត្ត «៣ការពារ ៣កុំ», រួមសាមគ្គីគ្នាចូលរួមអនុវត្តយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» និង «យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី»។

ជាមួយនឹងសមិទ្ធផលសម្រេចបាន ក៏ដូចជាការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា, សម្តេចចៅហ្វាវាំង ប្រធានអង្គប្រជុំ បានគោរពថ្វាយអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជូបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា នូវព្រះរាជទ្រព្យ ស្មារតី សម្ភារៈ និងសូមគោរពថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនជនរួមជាតិ ដែលតែងតែបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្តាល និងនៅតាមសាខាទាំង ២៥រាជធានី-ខេត្ត៕