• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជានាំយកចតុបច្ច័យ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគវេរប្រគេនព្រះសង្ឃគង់នៅវត្តស្នំប្រាំពីរស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌ​ នាថ្ងៃចន្ទ​ ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ និងសហការី​ រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពត​ អញ្ជើញបូជា​ទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកចតុបច្ច័យ​ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ​មួយចំនួន ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តស្នំប្រាំពីរ​ ដែលស្ថិតនៅភូមិស្នំប្រាំពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ​ ខេត្តកំពត។

បន្ទាប់ពីបានធ្វើបទនមស្ការ ព្រះរតនត្រ័យ​ រាប់បាត្រ បង្សុកូល និងវេរប្រគេនព្រះសង្ឃរួចមក​ ព្រះសាគររង្សី​ ទឹម​ សំបូរ​ ព្រះចៅអធិការវត្តស្នំប្រាំពីរ​ បានថ្លែងអំណរគុណចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានចាត់ឱ្យសហការីនាំយកទេយ្យទានមកវេរប្រគេន និងបានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក, លោកតាមហាឧបាសកលីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិផងដែរ។

ព្រះសាគររង្សី​ ទឹម​ សំបូរ​ ក៏បានជូនពរសព្ទសាធុការដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ព្រមទាំង​ បុត្រា​ បុត្រី​ ចៅៗ​ និងសហការី​នៃកាកបាទក្រហមកម្ពុជា​ ឱ្យជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា​ ទេយ្យទានដែលកាកបាទក្រហមកម្ពុជា​ ប្រគេនវត្តស្នំប្រាំពីរ​​ រួមមាន​ ៖​ អង្ករ​ ១តោន,​ មី​ ១០កេស,​ ត្រីខ​ ២កេសធំ,​ ទឹកក្រូច​ ១០កេស,​ ទឹកបរិសុទ្ធ​ ១០កេស,​ ទឹកដោះគោខាប់​ ២កេស,​ អូរវ៉ាន់ទីន​ ២កេស,​ តែ​ ៥គីឡូក្រាម​,​ ស្ករស​ ២៥គីឡូក្រាម,​ ត្រីងៀត​ ១០គីឡូក្រាម,​ សាច់ក្រក​ ១០គីឡូក្រាម,​ នំអន្សម​ ១កន្ត្រក,​ ជែលលាងដៃ​ ៥កេស,​ ម៉ាស់​ ១កេស​ និងបច្ច័យចំនួន​ ១០លានរៀល។ វេរប្រគេនព្រះចៅអធិការវត្តនូវ​ សាដក​ ១​ និងបច្ច័យ​ ៥០ម៉ឺនរៀល។ វេរប្រគេនព្រះសង្ឃ​ ២០អង្គ​ ក្នុង​ ១អង្គ​ នូវ​ សាដក១​ និងបច្ច័យ​ ១០ម៉ឺនរៀល៕