
កាកបាទក្រហមកម្ពុជានាំយកទេយ្យទានប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង កំពុងសិង និងព្យាបាលព្រះអាពាធនៅមន្ទីរពេទ្យកាល់ម៉ែត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញថ្វាយបង្គំ និងនាំយកទេយ្យទានជាផ្លែឈើ ១កន្ត្រក ទឹកមាត់ត្រចៀកកាំ ១កន្ត្រក និងបច្ច័យចំនួន ១០លានរៀល ទៅប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ដែលកំពុងសិង និងព្យាបាលព្រះអាពាធនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការគិតគូរពីព្រះសុខភាព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក តាមជួយអភិបាល គ្រងរក្សា ប្រគេនពរចំពោះសម្តេចព្រះឧត្តមមុនី ជា សំអាង សូមសម្តេចមានព្រះសុខភាពល្អបរិបូណ៌ ឆាប់ជាសះស្បើយឡើងវិញ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ពុទ្ធបរិស័ទ និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនតរៀងទៅ៕