• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុននៅស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ ដោយសារការធ្វើឃាត។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតជប៉ុន​ ប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានប្រគល់ជូន​ ឯកឧត្តម​ មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ​រដ្ឋទូតជប៉ុន នូវសារលិខិតរំលែកមរណទុក្ខរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលក្នុងសារលិខិតនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់ទុកថា​ «មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនត្រឹមតែជាការបាត់បង់រដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឱ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់ឥស្សរជនមួយរូបសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដែលឯកឧត្តម បានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងអាណត្តិរបស់ឯកឧត្តម ជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន»។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈកម្មាធិការកណ្តាល សមាជិក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវសេចក្តីសោកសង្រេងចំពោះការបាត់បង់ជីវិតរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុននៅក្នុងកាលៈទេសៈដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕