• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថភាពចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញ

ព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងមានការចូលរួមពីសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះចែកបណ្ណប្រកាស សន្លឹកបត់ និងកូនសៀវភៅអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ លេខ ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់

ស្តីពីចរាចរណ៍ផ្លូវគោក ដែលមាន៤ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ (មុខផ្សារជម្ពូវ័ន រង្វង់មូលគួចកាណុង ស្តុបផ្សារច្បារអំពៅ និងច្រមុះជ្រូកស្ទឹងមានជ័យ) និង២៣ទីតាំងផ្សេងទៀត នៅសាខា កាកបាទក្រហមកម្ពុជា ចំនួន១៣សាខាខេត្តផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងសំណួរចំលើយអប់រំសុវត្ថិភាពចរាចរណ៍យករង្វាន់ មួកសុវត្ថិភាព ចានស្រាក់ មីម៉ាម៉ា និងអាវយឺតជូនដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លើយនឹងសំនួរពីកម្មវិធីយុទ្ធនាការនេះបានត្រឹមត្រូវ។

យុទ្ធនាការនេះប្រព្រឹត្តទៅក្នុងគោលបំណងផ្សព្វផ្សាយ និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជូនប្រជាពលរដ្ឋ សិស្ស និសិ្សត អាជីវករ សាធារណជន និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ លេខ ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ទាំងអស់ធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលគ្រប់ទីកន្លែង បើកបរចេះអធ្យាស័យគ្នា បើកបរមិនក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរមិនលើសល្បឿនកំណត់ គោរពសិទ្ធិជនពិការ និងទុកសិទ្ធិអាទិភាពជូនជនពិការក៏ដូចអ្នកប្រើប្រាស់ទាំងអស់តាមផ្លាកសញ្ញាចរាចរណ៍ដែលបានបំពាក់នៅតាមដងផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រា ស្លាប់ ពិការ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាបង្កឱ្យមានភាពក្រីក្រនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ និងគោរពប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបើកបរប្រដោយសីលធម៌ យោគយល់អាធ្យាស្រ័យនៅគ្រប់កាលៈទេសៈ។

ជាចុងក្រោយលោកជំទាវ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ជាចាំបាច់នៅទីសារធារណដែលមានមនុស្សកុះករ ជាងនេះទៀតត្រូវរក្សាគម្លាតសុវត្ថិភាពឱ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ ពីគ្នា ដើម្បីបង្ការជំងឺCovid-19 ពេលយប់ត្រូវគេងក្នុងមុង សម្អាតកន្លែងមានទឹកដក់ ដើម្បីការពារជំងឺគ្រុនឈាម និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរជិតឆ្ងាយ ឬកំសាន្តនានាក្នុង ឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ សូមជួបតែពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងមានសុវត្ថិភាពចរាចរណ៍ទាំងអស់គ្នាផងដែរ។