• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខកុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិកនៃបុរីទារក និងកុមារជាតិនៅសង្កាត់ស្ទឹងមានជ័យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី ២៣ ខែសីហា ឆ្នាំ២០២២នេះ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៩ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ២៤៥នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ចំពោះកុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស ដែលបានយកអស់កម្លាំងកាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយបេះដូងមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។

ជាមួយគ្នានេះ លោកជំទាវ បានជម្រាបជូនថា «កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែធ្វើសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពរបស់ខ្លួន មិនត្រឹមតែការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារងាយរងគ្រោះនៅតាមមណ្ឌល ឬអង្គការប៉ុណ្ណោះទេ»។ លោកជំទាវ បានគូសបញ្ជាក់ថា «បន្ទាប់ពីទទួលបានថវិកាពីសប្បុរសជនក្នុងឱកាសនៃទិវា ៨ ឧសភា ជារៀងរាល់ឆ្នាំ, កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមកដល់ឆ្នាំ២០២២នេះ បានចំនួន ១១លើករួចមកហើយ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក និងថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៩រៀងមក ដើម្បីរួមចំណែកក្នុងការព្យាបាល និងថែទាំសុខភាពកុមារ-ទារក រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះ ក្នុងពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ២លានដុល្លារ ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ ផងដែរ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បានត្រៀមលក្ខណៈ ក្នុងការចូលរួមត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ ជាដើម។ល។»