• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខគ្រួសារយុទ្ធជន-អតីតយុទ្ធជន និងគ្រួសារជនមានពិការភាព នៅស្រុករវៀង ខេត្តព្រះវិហារ

ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​របស់​កាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារយុទ្ធជន​-អតីតយុទ្ធជន និងគ្រួសារជនមានពិការភាពចំនួន​៥០គ្រួសារ​ រស់នៅស្រុករវៀង​ ខេត្តព្រះវិហារ។ គ្រួសារនីមួយៗ​ ទទួលបានប្រាក់កម្ចីចំនួន​ ១លានរៀល​ ដើម្បី​យកទៅប្រកបមុខរបរ​បង្កបង្កើនផល​ លក់ដូរ​ និងចិញ្ចឹមសត្វ។

ក្នុងឱកាសជួបសំណេះសំណាល​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅ​ និងសុខុមាលភាព​របស់ប្រជាពលរដ្ឋ​ ជាពិសេសលើក​ទឹកចិត្ត​ដល់គ្រួសារទទួលផល​ទាំងអស់​ឱ្យបន្ត​ខិតខំពង្រីកមុខរបរ​ បង្កបង្កើនផល​ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។​ ​លោកជំទាវ​ បានលើកឡើងថា​ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល​ ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម​ ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយ​សារមីន។ ក្នុងន័យនេះ​ កាកបាទក្រហមកម្ពុជា​តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ ក៏ដូចជាបន្តអនុវត្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា​ ក៏បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាម៉េរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥តាមរយៈ«គម្រោងសម្តេចតេជោសម្រាប់សកម្មភាព​​មីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ។

លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានថ្លែងដោយក្តីសង្ឃឹមថា​ «បងប្អូនប្រជាពលរដ្ឋ​ នឹងមិនធ្វើចំណាកស្រុក​ នៅមើលថែផ្ទះសម្បែង​ ហើយថវិកា​ ១លានរៀលនេះ​ នឹងធ្វើឱ្យជីវភាពរបស់បងប្អូនមានការរីកចម្រើន​ តាមរយៈការប្រកបមុខរបរតាមបំណងរបស់បងប្អូន​ ហើយបងប្អូននឹងមានលទ្ធភាពបង្វិលថវិកានេះ​ មកជូន​កាកបាទក្រហមកម្ពុជា​វិញ​ ដើម្បី​កាកបាទក្រហមកម្ពុជា​ បន្តផ្តល់ជូនគ្រួសារដទៃទៀត ដើម្បីរួមចំណែក​ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ដែលមានសុខសន្តិភាព​ ស្ថិរភាព​ និងអភិវឌ្ឍនភាព​ដូច​សព្វថ្ងៃ​នេះ»។

ជាមួយគ្នានេះ​ លោកជំទាវ​ បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់​ សូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩​ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល​ ចូលរួមចាក់វ៉ាក់សាំង​ដូសជំរុញ រស់នៅមានអនាម័យ​ ពិសាទឹកឆ្អិន​ និងត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ​ ជាក់ស្តែងបាតុភូតផ្គរ​ រន្ទះ​ ខ្យល់ព្យុះ​ ខ្យល់កន្ត្រាក់ជាដើម។

ឯកឧត្តម​ យ៉ុង​ គឹមហ៊ាន​ នាយកសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ តំណាងឱ្យគ្រួសារទទួលផលទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរពីសុខទុក្ខ​ និងការរស់នៅរបស់​ប្រជាពលរដ្ឋ​ ជាពិសេសបានចាប់ផ្តើមបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់​កាកបាទក្រហមកម្ពុជា​ ចាប់តាំងពីឆ្នាំ២០០៥រៀងមក​។ ឯកឧត្តម​ បានបន្តថា ៖​ សម្រាប់ខេត្តព្រះវិហារ​ មានគ្រួសារទទួលផលសរុប​ ១.៥៧២គ្រួសារ​ (ក្នុងនោះ​ ស្រុករវៀង​ ៥៥៨គ្រួសារ)​ ដែលទទួលបានប្រាក់កម្ចីនេះ​ ហើយដែលបាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង​ តាមរយៈការប្រកបរបរដាំដំណាំ​ ចិញ្ចឹមសត្វ​ លក់ដូរ កាត់ដេរ​ អ៊ុតសក់​ ជួសជុលកង់ម៉ូតូ។ល។

បន្ទាប់ពីកម្មវិធីខាងលើនេះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ និងក្រុមការងារ​ ក៏បានចុះសួរសុខទុក្ខ​ និងពិនិត្យមើលពីការរីកចម្រើនរបស់គ្រួសារដែលធ្លាប់បានទទួលប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជា​ផងដែរ៕