
កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារកុមារ និងទារកទើបកើត នៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប
បន្ទាប់ពីកម្មវិធីប្រគល់-ទទួលអំណោយជាថវិកាចំនួន ៥ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាថ្ងៃចន្ទ ទី ២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងសហការី បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជួយសម្រាលការលំបាកដល់គ្រួសារកុមារ និងទារកទេីបកេីតចំនួន ១០០នាក់ ដែលកំពុងសម្រាកព្យាបាល-ថែទាំ នៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងការគិតគូរពីសុខុមាលភាពរបស់ស្ត្រីជាមាតាទាំងអស់ ជាពិសេសបានពាំនាំនូវសារអប់រំសុខភាពស្តីពី សារប្រយោជន៍នៃការពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដងមុនពេលសម្រាល, សារប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅកូនដោយទឹកដោះ និងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។ល។ រួមជាមួយការចូលរួមថែទាំសុខភាពទូទៅទាំងបុរស ស្ត្រី ក្មេង ចាស់ ដេីម្បីមានសុខភាពល្អ ជៀសផុតពីជំងឺនានា។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ ភួយ១, មុង១, ក្រមា១, សារុង១, អាវក្មេង ១ឈុត, សាប៊ូកក់សក់ក្លិន១ដប, សាប៊ូដុសខ្លួនក្លិន១ដប និងថវិកា ៥ម៉ឺនរៀល៕