• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ កុមារកំព្រា-កុមារផ្ទុកមេរោគអេដស៍នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដើម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​១ធ្នូ​ ២០២១​ក្រោមប្រធានបទ​«បញ្ចប់ វិសមភាព បញ្ចប់អេដស៍បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»​នៅថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងចែកអំណោយដល់កុមារកំព្រា​-កុមារផ្ទុកមេរោគអេដស៍​ចំនួន​១២២នាក់​ និងបុគ្គលិកចំនួន​ ៣៣នាក់​នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ ដែលស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលនោះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឆ្លើយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែនការ​សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះក្មួយៗចៅៗទាំងអស់​ ជាពិសេសពាំនាំនូវការកោតសរសើរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោក​ ចន​ តាកឺ​ ម្ចាស់មូលនិធិ​ និងជាទីប្រឹក្សារបស់អង្គការ​ ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស​ និងបុគ្គលិកទាំងអស់​ ដែលបានយកអស់កម្លាំងកាយចិត្តជួយចិញ្ចឹមបីបាច់​ ផ្តល់ក្តីសង្ឃឹម​ ភាពកក់ក្តៅ​ និងការអប់រំដល់កុមារទាំងអស់​ចាប់តាំងពីឆ្នាំ២០០៦​ រហូតដល់មានយុវជនជាច្រើនបានសិក្សាចប់ថ្នាក់មហាវិទ្យាល័យ​ និងជំនាញផ្សេងៗ​ មានសមត្ថភាពរកការងារធ្វើសមរម្យ​ អាចចិញ្ចឹមជីវិតបានដោយសេចក្តីថ្លៃថ្នូរ​ ស្មើមុខស្មេីមាត់នៅក្នុងសង្គម។ ទន្ទឹមនឹងនេះ​លោកជំទាវ​ បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់​ ត្រូវចេះស្រឡាញ់​ សាមគ្គីគ្នា​ ជួយគ្នាទៅវិញទៅមក​ ហើយត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែ ជាពិសេស​ត្រូវរស់នៅមានអនាម័យ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន​ «៣ការពារ​ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ជាកិច្ចឆ្លើយតប​ លោក​ ចន​ តាកឺ​ តំណាងឱ្យអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ និងជំនួសមុខឱ្យកុមារ-បុគ្គលិកទាំងអស់​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានចាត់ឱ្យសហការីចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាច្រេីនមកផ្តល់ជូននាពេលនេះ។ ជាមួយគ្នានេះ​ លោក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ និងរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់ឱសថប្រឆាំងមេរោគអេដស៍​ដល់កុមាររងគ្រោះទាំងអស់​ ដែលអាចធ្វើឱ្យកុមារអាចរស់នៅបានដោយសុខភាពល្អដូចមនុស្សធម្មតា​ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។ លោក​ ចន​ តាកឺ​ បានថ្លែងដោយមោទនភាពថា​ «គ្មានកុមារណាម្នាក់​ គ្មានបុគ្គលិកណាម្នាក់​នៃអង្គការ​ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡើយ។ កុមារនិងបុគ្គលិកទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩​។ ប្រទេសកម្ពុជា​ គឺជាប្រទេសដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩​ ដល់ប្រជាជនបានច្រើនជាងគេបំផុត​ ដែលមិនមែនជារឿងចៃដន្យឡើយ​ ដែលនេះបានបង្ហាញពីមគ្គុទេសក៍ដឹកនាំដ៏ឆ្នើម​ និងផែនការយុទ្ធសាស្ត្រ​ច្បាស់លាស់របស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​»។

សូមបញ្ជាក់ថា​ អំណោយផ្តល់ជូនអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ រួមមាន​ ៖​ អង្ករ​២តោន,​ មី​៣០កេស​,​ ត្រីខ​៥កេស,​ ទឹកត្រី​១០យួរ​,​ ទឹកស៊ីអ៉ីវ​១០យួរ​,​ អំបិល​២០០គីឡូក្រាម​,​ប្រេងឆា​២កេស,​ ទឹកភេសជ្ជៈ​ ២០កេស,​ ទឹកបរិសុទ្ធ​២០កេស,​ កន្ត្រៃកាត់ក្រចក​៥កំប៉ុង,​ តំបៀត​ ៥កំប៉ុង​,​ ច្រាស់ដុសធ្មេញ​ ២កេស,​ ម៉ាស់​២កេស,​ ជែល​៥កេស​,​ សម្ភារអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩​ និងថវិកាចំនួន​ ៥លានរៀល​។ ដោយឡែក​ ផ្តល់ជូន​ បុគ្គលិកចំនួន​ ៣៣នាក់​ ក្នុងម្នាក់ៗថវិកា​ ១០ម៉ឺនរៀល​៕