
កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខជនមានពិការភាពនៅសមាគមតន្ត្រីសំនៀងជនពិការ)
នៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១៤ ដល់ជនមានពិការភាពចំនួន ១៣៧នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗដែលមានពិការភាពទាំងអស់ និងសូមលេីកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងនូវការកោតសរសេីរចំពោះក្មួយៗទាំងអស់ដែលបានខិតខំប្រឹងប្រែង លេីកគុណតម្លៃផ្ទាល់ខ្លួនតាមរយៈការប្រព្រឹត្តនូវអំពេីល្អ អំពេីទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដេីម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះ សូមក្មួយៗចៅៗទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការនានារបស់ក្រសួងសុខាភិបាល វិធានការ៣កុំ-៣ការពារ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មេីមុខស្មេីមាត់ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក រួមមាន ៖ អង្ករ ២តោន, មី ៥០កេស, ត្រីខ ៥០០កំប៉ុង, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកត្រី ៦០ដប, ផ្លែប៉ោម ១កេស, ផ្លែក្រូចខ្វិច ១កេស, ផ្លែទំពាំងបាយជូរ ២កេស, ទឹកសុទ្ធ ២០កេស, ទឹកក្រូច ២០កេស, ជែលលាងដៃ ៤កេស និងថវិកា ១០លានរៀល។ ជនមានពិការភាព ១៣៧នាក់ ម្នាក់ៗទទួលបានឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ថវិកា ៥ម៉ឺនរៀល និងអាហារ ១ពេល៕